ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបអភិបាលខេត្ត Niigata (ជប៉ុន)
(VOVWORLD) - លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត ការខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមរបស់លោកអភិបាលខេត្ត និងអាជ្ញាធរខេត្ត Niigata ក្នុងការជំរុញទំនាក់ទំនងជាមួយវៀតណាមនាពេលកន្លងមក ព្រមទាំងស្នើឲ្យខេត្តបន្តបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ផងដែរ។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអភិបាលខេត្ត Niigata (ជប៉ុន) លោក Hanazumi Hideyo។ (រូបថត៖ VOV) |
នារសៀលថ្ងៃទី ១២ មករា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយអភិបាលខេត្ត Niigata (ជប៉ុន) លោក Hanazumi Hideyo ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត ការខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមរបស់លោកអភិបាលខេត្ត និងអាជ្ញាធរខេត្ត Niigata ក្នុងការជំរុញទំនាក់ទំនងជាមួយវៀតណាមនាពេលកន្លងមក ព្រមទាំងស្នើឲ្យខេត្តបន្តបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ផងដែរ។ តាមនោះ ខេត្ត Niigata វិនិយោគបន្ថែមលើវិស័យកសិកម្ម ឧស្សាហកម្មផលិត ឧស្សាហកម្មគាំទ្រ ការផលិតគ្រឿងបន្លាស់អេឡិចត្រូនិចបច្ចេកវិទ្យាខ្ពស់ ការកែច្នៃអាហារ ហើយអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយទីក្រុង Hai Phong និងខេត្ត Ba Ria - Vung Tau។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនជាស្រេចបង្កើតគ្រប់លក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសខេត្ត Niigata មកបណ្តាក់ទុននិងធ្វើអាជីវកម្មប្រកបដោយជោគជ័យនៅ វៀតណាម។
អភិបាលខេត្ត Niigata លោក Hanazumi Hideyo បានចាត់ទុកថា ក្នុងទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋានបានដើរតួនាទីយ៉ាងសំខាន់ ហើយបច្ចុប្បន្ននេះ មូលដ្ឋានានារបស់ជប៉ុនមានបំណងចង់ជំរុញការផ្លាស់ប្តូរកាន់តែច្រើនជាមួយមូលដ្ឋានរបស់ភាគីវៀតណាម ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការបណ្តុះបណ្តាលធនធានមនុស្សផងដែរ៕