ប្រធានរដ្ឋវៀតណាមនិងប្រធានាធិបតីឥណ្ឌូនេស៊ីព្រមព្រៀងលើភាពចាំបាច់លើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងដល់កម្រិតថ្មី
(VOVWORLD) - ទទួលតានការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤។ នាព្រឹកថ្ងៃទី១២ ខែមករា នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋ Vo Van Thuong បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍យ៉ាងឱឡារិកជូនចំពោះលោកប្រធានាធិបតី Joko Widodo។
ប្រធានរដ្ឋ លោក Vo Van Thuong និងប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរដំណើរការកិច្ចពិភាក្សា (រូបថត៖Trong Phu) |
នៅក្នុងកិច្ចពិភាក្សាបន្ទាប់ពីពិធីស្វាគមន៍ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាលើការដាក់ពង្រាយប្រកបដោយប្រសិទ្ធភាពយន្តការ សហប្រតិបត្តិការទ្វេភាគី; ហើយក្នុងពេលឆាប់ៗខាងមុខនេះ បង្កើតកម្មវិធីសកម្មភាពដំណាក់កាល ២០២៤ - ២០២៨។ ទន្ទឹមនឹងនោះ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀតដូចជា៖ ការពារជាតិ-សន្តិសុខ កិច្ចសហប្រតិបត្តិការដែនសមុទ្រ និងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនជាដើម។ ទន្ទឹមនឹងនោះ បើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ។ ប្រធានរដ្ឋ លោក Vo Van Thuong សង្ឃឹមថា រដ្ឋាភិបាលឥណ្ឌូនេស៊ីនឹងបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌសម្រាប់សហគមន៍វៀតណាមនៅឥណ្ឌូនេស៊ី រស់នៅប្រកបដោយស្ថិរភាព និងធ្វើសមាហរណកម្មប្រកបដោយជោគជ័យក្នុងសង្គមម្ចាស់ផ្ទះ; ស្នើឱ្យភាគីទាំងពីរបន្តកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការត្រួតពិនិត្យ (IUU)។
ទាក់ទិននឹងបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលជាកង្វល់រួម ភាគីទាំងពីរបានឯកភាពសម្របសម្រួលជាមួយបណ្តាប្រទេសអាស៊ាន គាំទ្រឡាវក្នុងការទទួលជោគ ជ័យក្នុងតួនាទីជាប្រធានអាស៊ាននៅឆ្នាំ ២០២៤។ ថ្នាក់ដឹកនាំទាំងពីរបានអះអាង សារជាថ្មីអំពីសារៈសំខាន់នៃសន្តិភាព ស្ថិរភាព សុវត្ថិភាព សន្តិសុខ និងសេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត; សម្របសម្រួលដើម្បីរក្សាសាមគ្គីភាព និងគោលជំហររួមរបស់អាស៊ានលើបញ្ហាសមុទ្រខាងកើត; អនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) យ៉ាងពេញ លេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងខិតខំប្រឹងប្រែងជំរុញការចរចាស្តីពីក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ដែលមានខ្លឹមសារ ប្រសិទ្ធភាព និងស្របតាមច្បាប់អន្តរជាតិ។
ប្រធានរដ្ឋ លោក Vo Van Thuong និងប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ក្នុងសន្និសីទសារព័ត៌មាន (រូបថត៖ Thong Nhat/TTXVN) |
បន្ទាប់ពីកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានធ្វើជាសាក្សីក្នុងការផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាព័ត៌មាន និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យជលផល។
អញ្ជើញថ្លែងមតិក្នុងសន្និសីទកាសែតក្រោយកិច្ចពិភាក្សា ប្រធានរដ្ឋ លោក Vo Van Thuong បានសង្កត់ធ្ងន់ថា៖ “ជាមួយនឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងសមិទ្ធិផលសហប្រតិបត្តិការដ៏ធំធេងរវាងប្រទេសទាំងពីរក្នុងរយៈពេលជិត ៧០ ឆ្នាំកន្លងមកនេះ ដល់ពេលដែលត្រូវពិចារណា និងឆ្ពោះទៅលើកកំពស់ទំនាក់ទំនងរបស់ប្រទេសទាំងពីរឱ្យឡើងកំពស់ថ្មីនាពេលខាងមុខ។ អាស្រ័យហេតុនេះ ដើម្បីបង្កើតសន្ទុះថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី រួមចំណែកនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកយ៉ាងសកម្មដល់ចំណងសាមគ្គីភាពអាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់”។
យោងតាមលោកប្រធានរដ្ឋ ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងគ្នាថានឹងខិតខំធ្វើឱ្យទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៥ ពាន់លានដុល្លារអាមេរិកនិងខ្ពស់ជាងនេះតាមទិសតុល្យភាព។
អញ្ជើញថ្លែងមតិទៅកាន់សារព័ត៌មាន ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានមានប្រសាសន៍ថា៖ “លើវិស័យវិនិយោគ ខ្ញុំស្វាគមន៍ចំពោះការកើនឡើងនៃការវិនិយោគពីប្រទេសទាំងពីរ រួមទាំងក្រុមហ៊ុនធំៗ និងជាពិសេសក្រុមហ៊ុន unicorn របស់ឥណ្ឌូនេស៊ីចំនួនពីរ ដែលបានបណ្តាក់ទុនយ៉ាងច្រើននៅវៀតណាម។ ខ្ញុំប្រាកដថា ក្រុមហ៊ុនឥណ្ឌូណេស៊ីឈានមុខគេនៅវៀតណាមនឹងត្រូវបានផ្តល់លក្ខខណ្ឌនិងការការពារល្អបំផុតជានិច្ច។ លើសពីនេះ ខ្ញុំក៏លើកទឹកចិត្តក្រុមហ៊ុនវៀត ណាមឲ្យបង្កើនការវិនិយោគនៅឥណ្ឌូនេស៊ី។ ទាក់ទងនឹងសន្តិសុខស្បៀង យើងខ្ញុំយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងនេសាទ។ ចំពោះការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យជលផលគឺជាការលើកទឹកចិត្តដ៏ល្អមួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យនេះ”។
យោងតាមកម្មវិធីនាល្ងាចនេះ លោកប្រធានរដ្ឋ Vo Van Thuong នឹងរៀបចំពិធីជប់លៀងទទួលស្វាគមន៍លោកប្រធានាធិបតី Joko Widodo និងគណៈប្រតិភូជាន់ខ្ពស់ឥណ្ឌូនេស៊ី៕