ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសិង្ហបុរី

(VOVWORLD) - នៅវេលាម៉ោង៦និង៤៥នាទីល្ងាច ថ្ងៃទី២៤ ខែកុម្ភៈ តាមម៉ោងតំបន់ យន្តហោះពិសេសដឹកលោកប្រធានរដ្ឋ Nguyen Xuan Phuc លោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Changi ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសសិង្ហបុរី។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសិង្ហបុរី - ảnh 1រដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក Vivian Balakrishnan (ខាងស្ដាំ) ទទួលស្វាគមន៍ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវនៅអាកាសយានដ្ឋាន Changi។
(រូបថត៖ Tuoitre.vn)

ទទួលស្វាគមន៍លោកប្រធានរដ្ឋ លោកជំទាវ និងគណៈប្រតិភូនៅអាកាសយានដ្ឋាន សម្រាប់ភាគីសិង្ហបុរីមានរដ្ឋមន្ត្រីការបរទេសលោក Vivian Balakrishnan ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅវៀតណាមលោក Jaya Ratnam; ចំណែកឯភាគីវៀតណាមមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរីលោក Mai Phuoc Dung កម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរី។

តាមការគ្រោងទុក ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc នឹងអញ្ជើញជួបសវនាការជាមួយប្រធានាធិបតីសិង្ហបុរី លោក Halimah Yacob ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីលោក Lee Hsien Loong ហើយជួបសវនាការជាមួយប្រធានរដ្ឋសភាលោក Tan Chuan-Jin។ ជំនួបជាន់ខ្ពស់ទាំងនេះគឺសំដៅជំរុញកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលប្រទេសទាំងពីរបានចុះហត្ថលេខា ពិភាក្សាអំពីកម្មវិធីសហប្រតិបត្តិការថ្មីៗ ដើម្បីធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរី។ ក្រសួង ស្ថាប័ននិងសហគ្រាសនៃប្រទេសទាំងពីរក៏នឹងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ សារព័ត៌មាន វិទ្យាសាស្ត្របច្ចេកវិទ្យាជាដើម។

ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ក៏នឹងអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅកិច្ចសន្ទនាធុរកិច្ចវៀតណាម-សិង្ហបុរី ហើយទទួលជួបជាមួយថ្នាក់ដឹកនាំសហគ្រាសជួរមុខជាច្រើនរបស់សិង្ហបុរីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ