ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យគំរូទូទាំងប្រទេស
(VOVWORLD) - នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះផ្នែកសុខាភិបាល ដែលសម្រេចបានសមិទ្ធផលគួរឲ្យកត់សម្គាល់ក្នុងរយៈពេល៦៧ឆ្នាំកន្លងមក ដែលនាំវៀតណាមក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចដែលមានបណ្ដាញសុខាភិបាលពេញលេញរហូតដល់ភូមិឃុំ ធានាបាននូវការផ្គត់ផ្គង់សេវាកម្មសុខាភិបាលយ៉ាងគ្រប់គ្រាន់ដល់ប្រជាជនគ្រប់រូប។
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយគ្រូពេទ្យគំរូទូទាំងប្រទេស។ (រូបថត៖ VNA) |
ក្នុងឱកាសរំលឹកខួបលើកទី៦៧ទិវាគ្រូពេទ្យវៀតណាម (២៧ កុម្ភៈ) នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ នៅវិមានប្រធាន ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូកម្មាភិបាលសុខាភិបាលគំរូដែលតំណាងឲ្យវេជ្ជបណ្ឌិត គិលានុដ្ឋាយិកា កម្មាភិបាល មន្ត្រីរដ្ឋការ និយោជិត និងពលកររាប់សែននាក់នៃផ្នែកសុខាភិបាលលើទូទាំងប្រទេស។
នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះផ្នែកសុខាភិបាល ដែលសម្រេចបានសមិទ្ធផលគួរឲ្យកត់សម្គាល់ក្នុងរយៈពេល៦៧ឆ្នាំកន្លងមក ដែលនាំវៀតណាមក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចដែលមានបណ្ដាញសុខាភិបាលពេញលេញរហូតដល់ភូមិឃុំ ធានាបាននូវការផ្គត់ផ្គង់សេវាកម្មសុខាភិបាលយ៉ាងគ្រប់គ្រាន់ដល់ប្រជាជនគ្រប់រូប។ សូចនាករសុខភាពរបស់ប្រជាជនវៀតណាមត្រូវបានលើកកំពស់គួរឲ្យកត់សម្គាល់និងប្រសើរជាងប្រទេសជាច្រើន ដែលមានកម្រិតចំណូលជាមធ្យមក្នុងមនុស្សម្នាក់ដូចគ្នា។ លោកប្រធានរដ្ឋបានបញ្ជាក់ថា បក្ស រដ្ឋនិងប្រជាជនតែងតែចងចាំហើយកោតសរសើរជានិច្ចចំពោះរាល់ការរួមវិភាគទាកនៃផ្នែកសុខាភិបាល ដែលបានលះបង់ដោយអស់ពីចិត្តពីថ្លើមដើម្បីការពារ ថែទាំសុខភាពរបស់ប្រជាជន ជាពិសេសគឺការលះបង់ និងពលីកម្មរបស់ជួរគ្រូពេទ្យដែលបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ- ១៩ផងដែរ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖
“យើងបានឃើញកាយវិកាសប្បុរសដ៏ថ្លៃថ្នូ ការលះបង់ បេះដូងក្លៀវក្លា និងទឹកចិត្តដ៏មេត្តាករុណារបស់ជួរវេជ្ជបណ្ឌិត កម្មាភិបាលនិងបុគ្គលិកពេទ្យលើទូទាំងប្រទេស។ រូបភាពកម្មាភិបាលសុខាភិបាលក្នុងសម្លៀកបំពាក់ការពារបិទជិត ធ្វើការដោយអស់ពីចិត្តពីថ្លើមទាំងយប់ទាំងថ្ងៃនោះ បានដិតជាប់ក្នុងចិត្តរបស់ប្រជាជនវៀតណាម។ ពួកគេទាំងអស់គ្នាសុទ្ធតែជាគំរូនៃផ្នែកសុខាភិបាល ហើយពិតជា “មាតាករុណា” របស់ប្រជាជន សក្តិសមនឹងការលើកតម្កើងដូចទៅនឹងវីរជន ពីព្រោះពួកគេមិនត្រឹមតែមានបេះដូងមេត្តាករុណា ទឹកចិត្តសប្បុរសធម៌ប៉ុណ្ណោះទេ ថែមទាំងមានកម្លាំងចិត្តដ៏មោះមុត ស្វិតស្វាញគួរឲ្យកោតសរសើរទៀតផង។ ខ្ញុំសូមកោតសរសើរយ៉ាងកក់ក្ដៅបំផុតចំពោះរាល់ស្នាដៃដែលផ្នែកសុខាភិបាលសម្រេចបាន ជាពិសេសគឺការលះបង់ ការខិតខំប្រឹងប្រែងរបស់កម្លាំងសុខាភិបាល ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយវៀតណាមជំនះពុះពារលើការលំបាក បញ្ហាប្រឈមដែលមិនធ្លាប់មានតាំងពីមុនមកដែលបណ្ដាលមកពីជម្ងឺរាតត្បាតកូវីដ-១៩”៕