ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតគុយវ៉ែត ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលមកជូនសារតាំង

(VOVWORLD) - នារសៀលថ្ងៃទី ១០ ខែសីហា នៅវិមានប្រធារដ្ឋ ប្រធានរដ្ឋ វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតគុយវ៉ែត Yousef Ashour Al-sabbagh និងឯកអគ្គរដ្ឋទូតអ៊ីស្រាអ៊ែល Yaron Mayer ដែល មកជូនសារតាំង។
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតគុយវ៉ែត ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលមកជូនសារតាំង - ảnh 1ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតគុយវ៉ែត Yousef Ashour Al-sabbagh (រូបថត៖ TTXVN)

ក្នុងពិធីទទួលជួបឯកអគ្គរដ្ឋទូតគុយវ៉ែត លោក Yousef Ashour Al-sabbagh ប្រធានរដ្ឋលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា គុយវ៉ែតជាដៃគូសេដ្ឋកិច្ចឈានមុខគេមួយរបស់វៀតណាមនៅមជ្ឈិមបូព៌ា។ ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងល្អក្រោយរយៈពេល ៤៦ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតមក លោកប្រធានរដ្ឋបានស្នើឱ្យប្រទេសទាំងពីរ ជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត; ជំរុញការអនុវត្តយន្តការសហប្រតិបត្តិការ ដូចជាកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-គុយវ៉ែត និងការពិគ្រោះយោបល់នយោបាយលើកទី ៤ រវាងក្រសួងការបរទេសទាំងពីរ; បន្តសម្របសម្រួលឱ្យបានល្អនៅបណ្តាវេទិកាអន្តរជាតិ។

លោកឯកអគ្គរដ្ឋទូតគុយវ៉ែតបានឲ្យដឹងថា គុយវ៉ែតគឺជាប្រទេសឈូងសមុទ្រទីមួយដែលបើកបេសកកម្មការទូតនៅវៀតណាម។ នាពេលខាងមុខ គុយវ៉ែតនឹងបន្តជួយឧបត្ថម្ភវៀតណាមនៅវេទិការ និងអង្គការអន្តរជាតិនានា; បន្តផ្តល់អាហារូបករណ៍ដល់និស្សិតវៀតណាម គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម ជាពិសេសនៅតំបន់ជនបទជួបការលំបាក។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតគុយវ៉ែត ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលមកជូនសារតាំង - ảnh 2ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងឯកអគ្គរដ្ឋទូតអ៊ីស្រាអែល លោក Yaron Mayer (រូបថត៖ TTXVN)

ទទួលជួបឯកអគ្គរដ្ឋទូតអ៊ីស្រាអែលលោក Yaron Mayer លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការជាមួយអ៊ីស្រាអែល។ លោកប្រធានរដ្ឋបានស្នើភាគីទាំងពីរ ជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; ជំរុញយន្តការសហប្រតិបត្តិការដែលបានចុះហត្ថលេខា; ពង្រឹងការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ និងអង្គការនានា។ ដោយឈរលើមូលដ្ឋាននៃទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ២ ពាន់លានដុល្លារកាលពីឆ្នាំមុន កើនឡើង ២០% បើធៀបនឹងឆ្នាំមុនទៀត លោកប្រធានរដ្ឋមានបំណងថា ក្នុងអំឡុងពេលបំពេញបេសកកម្មការទូត លោកឯកអគ្គរដ្ឋទូតនឹងរួមចំណែកជាវិជ្ជមានក្នុងការដំឡើងទំហំពាណិជ្ជកម្មឡើងទៅដល់ ១០ ពាន់លានដុល្លារ។ យ៉ាងណាមិញ ភាគីទាំងពីរត្រូវពន្លឿនការចរចា ហើយឆាប់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អ៊ីស្រាអែល និងកិច្ចព្រមព្រៀងសហប្រតិបត្តិការការងារ ដែលជាមូលដ្ឋានសម្រាប់ការកើនឡើងយ៉ាងខ្លាំងនៃទំហំពាណិជ្ជកម្មនិងការវិនិយោគផ្ទាល់ពីបរទេស (FDI)។

លោកឯកអគ្គរដ្ឋទូតអ៊ីស្រាអែលបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះលោកប្រធានរដ្ឋ Nguyen Xuan Phuc ដែលបានឆ្លៀតពេលទទួលជួបលោក ហើយបានអះអាងថា លោកនឹងសម្របសម្រួលជាមួយអាជ្ញាធរវៀតណាម ដើម្បីជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អ៊ីស្រាអែលនាពេលឆាប់ៗនេះ ក៏ដូចជា ជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ