ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតហូឡង់ និងស្វីសមកជំរាបលា
(VOVWORLD) - នាព្រឹកថ្ងៃទី១២ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតហូឡង់លោកស្រី Elsbeth Akkermann និងឯកអគ្គរដ្ឋទូតស្វីសលោក Ivo Sieber មកជំរាបលាបញ្ចប់បេសកកម្មការទូតនៅវៀតណាម។
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតហូឡង់លោកស្រី Elsbeth Akkermann (រូបថត៖ VNA) |
នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតហូឡង់លោកស្រី Elsbeth Akkermann ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា ហូឡង់តែងតែជាដៃគូពាណិជ្ជកម្មជួរមុខ ហើយជាវិនិយោគិនធំបំផុតរបស់សហភាពអឺរ៉ុប (EU) នៅវៀតណាម។ លោកប្រធានរដ្ឋបានឲ្យដឹងថា បច្ចុប្បន្ននេះយន្តការសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រស្ដីពីការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនិងការគ្រប់គ្រងទឹក (ឆ្នាំ ២០១០) និងភាពជាដៃគូយុទ្ធសាស្ត្រស្តីពីកសិកម្មប្រកបដោយនិរន្តរភាព និងសន្តិសុខស្បៀងអាហារ (ឆ្នាំ ២០១៤) ត្រូវបានរក្សា និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព។ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទៅជាសេដ្ឋកិច្ចវិលជុំ ការផ្លាស់ប្តូរឌីជីថល ថាមពលកកើតឡើងវិញ ការដឹកជញ្ជូន-នាវាចរណ៍ កំណើនបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសនៅក្នុងតំបន់ដីសណ្ដទន្លេ Cuu Long។ លោកប្រធានរដ្ឋបានស្នើឲ្យប្រទេសទាំងពីរជំរុញខ្លាំងការ ផ្លាស់ប្តូរគណៈប្រតិភូផ្ទាល់ ជាពិសេសគឺថ្នាក់ជាន់ខ្ពស់ ហើយ ភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សក្តានុពលនៃប្រទេសទាំងពីរ។
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតស្វីសលោក Ivo Sieber (រូបថត៖ VNA) |
នៅក្នុងជំនួបជាមួយលោក Ivo Sieber ឯកអគ្គរដ្ឋទូតស្វីស លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ស្វីសគឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់វៀតណាម។ លោកបានស្នើឱ្យស្វីសពន្លឿនការសម្រេចរួចរាល់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងតំបន់ពាណិជ្ជកម្មសេរីអឺរ៉ុប - EFTA (រួមទាំងប្រទេសចំនួន ៤ គឺ ស្វីស ន័រវែស អ៊ីស្លង់ និងលីចតេនស្ទីន)។ លោកប្រធានរដ្ឋបានចាត់ទុកថា កិច្ចព្រមព្រៀងនេះនឹងបើកឱកាសជាច្រើនសម្រាប់ការវិនិយោគ ធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសគឺលើវិស័យហិរញ្ញវត្ថុ-ធនាគារ ធានារ៉ាប់រង ឧស្សាហកម្មកែច្នៃ ឱសថ កែច្នៃផលិតផលកសិកម្ម និងទេសចរណ៍ផងដែរ៕