ប្រធានរដ្ឋវៀតណាមលោក To Lam អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម
(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ មិថុនា នៅវិមានប្រធានរដ្ឋ (ទីក្រុងហាណូយ) ប្រធានរដ្ឋវៀតណាមលោក To Lam បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម លោក Gennady Bezdetko។
ប្រធានរដ្ឋវៀតណាមលោក To Lam អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម (រូបថត៖ VNA) |
ក្នុងជំនួបនេះ ប្រធានរដ្ឋលោក To Lam បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុករុស្ស៊ីគឺជាដៃគូគួរឲ្យជឿទុកចិត្ត ហើយជាអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន។ លោកវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងមិត្តភាពជាប្រពៃណី និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងរុស្ស៊ីក្នុងរយៈពេលកន្លងទៅ។ លោកបានចាត់ទុកថា ភាគីទាំងពីរនៅតែមានសក្តានុពលជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ។ លោកប្រធានរដ្ឋមានជំនឿជាក់ថាតាមរយៈយន្តការសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងរុស្ស៊ីនឹងបន្តត្រូវបានពង្រឹងថែមទៀតនាពេលខាងមុខ។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Gennady Bezdetko មានគោលបំណងចង់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ក្នុងនោះមានសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ សន្តិសុខ អប់រំ បណ្តុះបណ្តាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា ទេសចរណ៍ និងការផ្លាស់ប្ដូររវាងប្រជាជនជាមួយប្រជាជនផងដែរ៕