ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជួបចរចាជាមួយនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi
(VOVWORLD) - ក្នុងជំនួបចរចា ប្រធានរដ្ឋលោក Tran Dai Quang និងនាយករដ្ឋមន្រ្តីលោក Narendra Modi បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លានិងទូលំទូលាយនៃទំនាក់ទំនងវៀតណាម-ឥណ្ឌា ក្រោយរយៈពេល៤៥ឆ្នាំ បង្កើតទំនាក់ទំនងការទូត។
ទិដ្ឋភាពនៃជំនួបចរចារវាងភាគីទាំងពីរ (រូបថត៖ TTXVN) |
នាព្រឹកថ្ងៃទី៣ មិនា បន្ទាប់ពីពិធីទទួល ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានទៅដាក់កម្រងផ្កានៅមណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធលោក Mahatma Gandhi ជាមេដឹកនាំចលនាតស៊ូដណ្ដើមឯករាជ្យជាតិរបស់ប្រជាជនឥណ្ឌា ហើយក្រោយនោះបានជួបចរចាជាមួយនាយករដ្ឋមន្រ្តីលោក Narendra Modi។
ក្នុងជំនួបចរចា ប្រធានរដ្ឋលោក Tran Dai Quang និងនាយករដ្ឋមន្រ្តីលោក Narendra Modi បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លានិងទូលំទូលាយនៃទំនាក់ទំនងវៀតណាម-ឥណ្ឌា ក្រោយរយៈពេល៤៥ឆ្នាំ បង្កើតទំនាក់ទំនងការទូត។ ភាគីទាំងពីរបានឯកភាពលើការអនុវត្តយ៉ាងគ្រប់គ្រាន់នូវការសន្យានយោបាយជាន់ខ្ពស់ និងឯកសារនានាស្ដីពីក្របខ័ណ្ឌទំនាក់ទំនងនយោបាយដែលត្រូវបានអនុម័ត ព្រមទាំងបន្តផ្លាស់ប្ដូរ ពង្រីកថែមទៀតនូវឧត្តមភាព សក្ដានុភាពនៃប្រទេសទាំងពីរ ដើម្បីនាំកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ។
សំដៅសម្រេចបានគោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ១៥ ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០នោះ ថ្នាក់ដឹកនាំទាំងពីររូប បានឯកភាពគ្នាលើការអនុវត្តវិធានការលោតផ្លោះជាច្រើន ក្នុងនោះផ្តោតសំខាន់ទៅលើការធ្វើពិពិធកម្មមុខទំនិញនាំចេញ កាត់បន្ថយរបាំងពាណិជ្ជកម្ម ពិគ្រោះយោបល់យ៉ាងស្អិតរមួតអំពីគោលនយោបាយពាណិជ្ជកម្ម បើកទូលាយការតភ្ជាប់ខាងអាកាសចរណ៍ នាវាចរណ៍ដើម្បីបង្កភាពងាយស្រួលសំរាប់ការផ្លាស់ប្ដូរពាណិជ្ជកម្ម ជាដើម។
ភាគីទាំងពីរឯកភាពលើការជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការសន្តិសុខការពារជាតិ ពិសេសគឺការបណ្ដុះបណ្ដាលភាសាអង់គ្លេស បង្វឹកជំនាញ ផ្ទេរប្រគល់បច្ចេកវិទ្យា។ ថ្នាក់ដឹកនាំទាំងពីររូបអះអាងថា ត្រូវបង្កើនការយល់ដឹងរបស់ជំនាន់វ័យក្មេងចំពោះទំនាក់ទំនងតាំងពីយូរយាមកអំពីវប្បធម៌ ជំនឿសាសនារវាងប្រទេសទាំងពីរ ជំរុញការជួបប្រាស្រ័យខាងប្រជាជន។
ពិភាក្សាអំពីបញ្ហាក្នុងតំបន់និងអន្តរជាតិនានាដែលយកចិត្តទុកដាក់ដូចគ្នា ប្រធានរដ្ឋលោក Tran Dai Quang និងនាយករដ្ឋមន្រ្តីលោក Narendra Modi បានស្រុះចិត្តគំនិតអំពីសារសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាំពនិងសេរីភាពខាងនាវាចរណ៍និងអាកាសចរណ៍ ដោះស្រាយជំលោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) អនុវត្តយ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងសម្រេចក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ឲ្យបានឆាប់ៗ។
បន្ទាប់ពីជំនួបចរចា ប្រធានរដ្ឋលោក Tran Dai Quang និងនាយករដ្ឋមន្រ្តីលោក Narendra Modi បានអញ្ជើញធ្វើក្សិណសាក្សីពិធីផ្លាស់ប្ដូរគ្នាកិច្ចព្រមព្រៀងសហប្រតិបតិ្តការនានាដែលត្រូវបានចុះហត្ថលេខាក្នុងឱកាសនេះ៕