ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ជួបពិភាក្សាការងារជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping
(VOVWORLD) - នាថ្ងៃទី ១៣ ខែធ្នូ នៅវិមានប្រធានរដ្ឋ (រដ្ឋធានីហាណូយ) ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានជួបពិភាក្សាការងារជាមួយអគ្គលេខាបក្សកុម្មុយនិស្តសចិន និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping។
ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងអគ្គលេខាបក្សកុម្មុយនិស្តសចិន និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping។ រូបថត៖ TTXVN |
នៅក្នុងកិច្ចពិភាក្សានេះ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអះអាងថា ចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរវៀតណាមនិងចិនត្រូវបានពូនជ្រុំដោយជំនាន់មុនៗនៃប្រទេសទាំងពីរ បានជំនះពុះពារលើការឡើងចុះនៃប្រវត្តិសាស្ត្រនិងក្លាយជាទ្រព្យសម្បត្តិរួមដ៏មានតម្លៃរបស់ប្រទេសទាំងពីរ ហើយចាំបាច់ត្រូវបានទទួលមរតក ថែរក្សានិងពង្រីកដោយជំនាន់ក្រោយ។ លោកប្រធានរដ្ឋ Vo Van Thuong ជឿជាក់ថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping នឹងនាំទំនាក់ទំនងទ្វេភាគីឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី កាន់តែល្អប្រសើរ ប្រសិទ្ធភាព និងចីរភាព។ អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping បានវាយតម្លៃខ្ពស់ចំពោះការគោរពរបស់វៀតណាមចំពោះទំនាក់ទំនងចិន - វៀតណាម ដោយអះអាងថា ចិនជានិច្ចកាលចាត់ទុកវៀតណាមមានឋានៈពិសេសនិងជាទិសដៅអាទិភាពក្នុងគោលនយោបាយការទូតជាមួយប្រទេសជិតខាងរបស់ចិន។
ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានជួបពិភាក្សាការងារជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping។ រូបថត៖ TTXVN |
ថ្នាក់ដឹកនាំទាំងពីរបានអះអាងនូវលទ្ធផលនៃកិច្ចពិភាក្សាប្រកបដោយជោគជ័យ ដោយមានការយល់ដឹងរួមសំខាន់ៗជាច្រើនរវាងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping។ ជំហរថ្មីនៃទំនាក់ទំនងវៀតណាម-ចិន និងសសរស្តម្ភសហប្រតិបត្តិការចំនួន៦ ដែលត្រូវបានអគ្គលេខាបក្សទាំងពីរកំណត់ បានចង្អុលបង្ហាញយ៉ាងច្បាស់នូវទិសដៅ បើកចេញដំណាក់កាលសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរក្នុងសម័យកាលថ្មី។
ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហានៅលើសមុទ្រ ដោយឯកភាពគ្នាក្នុងការខិតខំប្រឹងប្រែងរក្សាសន្តិភាព ស្ថិរភាពនៅសមុទ្រ ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលនៅវេទិកាពហុភាគី រួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅក្នុងតំបន់ និងលើពិភពលោក។
បន្ទាប់ពីជំនួបពិភាក្សានេះ នារសៀលថ្ងៃថ្ងៃទី ១៣ ខែធ្នូ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងលោកជំទាវបានរៀបចំពិធីជប់លៀងស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ចិន៕