ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ជួបសន្ទនាជាមួយសម្តេចប៉ាប់ Francis
(VOVWORLD) - ប្រធានរដ្ឋ លោក Vo Van Thuong បានសម្តែងនូវការគោរពយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ និងមនោសញ្ចេតនារបស់សម្តេចប៉ាប ចំពោះបុព្វហេតុតស៊ូដណ្ដើមឯករាជ្យរបស់ប្រជាជនវៀតណាមនាពេលកន្លងមក និងសម្រាប់ប្រទេសវៀតណាមនាពេលបច្ចុប្បន្ន ជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ជួបសន្ទនាជាមួយសម្តេចប៉ាប់ Francis |
នារសៀលថ្ងៃទី ២៧ កក្កដា តាមម៉ោងក្នុងស្រុក ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងលោកជំទាវភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់ និងបានជួបសន្ទនាជាមួយសម្តេច ប៉ាប Francis។
ក្នុងជំនួបជាមួយសម្តេចប៉ាប Francis ប្រធានរដ្ឋលោក Vo Van Thuong បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់ ហើយបានថ្លែងអំណរគុណចំពោះសម្តេចប៉ាប និងបុរីវ៉ាទីកង់ ចំពោះការទទួលបដិសណ្ឋារកិច្ចចំពោះគណៈប្រតិភូ។ ប្រធានរដ្ឋ លោក Vo Van Thuong បានសម្តែងនូវការគោរពយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ និងមនោសញ្ចេតនារបស់សម្តេចប៉ាប ចំពោះបុព្វហេតុតស៊ូដណ្ដើមឯករាជ្យរបស់ប្រជាជនវៀតណាមនាពេលកន្លងមក និងសម្រាប់ប្រទេសវៀតណាមនាពេលបច្ចុប្បន្ន ជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩។
ប្រធានរដ្ឋបានវាយតំលៃខ្ពស់ចំពោះការវិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងវៀតណាម - បុរីវ៉ាទីកង់ តាមរយៈការដែលភាគីទាំងពីររក្សាទំនាក់ទំនងកម្រិតខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ហើយអនុវត្តន៍យ៉ាងមានប្រសិទ្ធភាពនូវយន្តការក្រុមការងារចម្រុះវៀតណាម - បុរីវ៉ាទីកង់។ លោកប្រធានរដ្ឋបានអះអាងថា វៀតណាមអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយគោរព និងធានាសេរីភាពខាងជំនឿសាសនា និងសុក្រិតក្របខ័ណ្ឌច្បាប់ ដើម្បីសម្រួលដល់សកម្មភាពសាសនា រួមទាំងសាសនាកាតូលិកផងដែរ។ លោកប្រធានរដ្ឋបានស្វាគមន៍ចំពោះការរួមវិភាគទានជាវិជ្ជមានរបស់សហគមន៍កាតូលិកវៀតណាមក្នុងសកម្មភាពស្ម័គ្រចិត្ត អប់រំ ថែទាំសុខភាព និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងមានបំណងថា សានាកាតូលិកវៀតណាមបន្តរួមចំណែកកសាងប្រទេស អភិវឌ្ឍន៍ថែមទៀត។
រីឯខ្លួនវិញ សម្តេចប៉ាប Francis បានអះអាងថា ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Vo Van Thuong គឺជាឱកាសសម្រាប់ភាគីទាំងពីរពិភាក្សាអំពីស្ថានភាពកាតូលិកនៅវៀតណាម និងទំនាក់ទំនងរវាងវៀតណាម និងបុរីវ៉ាទីកង់។ សម្តេចប៉ាបបានបញ្ជាក់ថា បុរីវ៉ាទីកង់មានបំណងថា ទំនាក់ទំនងរវាងបុរីវ៉ាទីកង់ជាមួយវៀតណាមមានការអភិវឌ្ឍកាន់តែប្រសើរឡើង។ ប្រធានរដ្ឋ លោក Vo Van Thuong និងសម្ដេចប៉ាប Francis បានវាយតម្លៃថា ការអនុម័តបទប្បញ្ញត្តិស្តីពីប្រតិបត្តិការរបស់តំណាងអចិន្ត្រៃយ៍ និងការិយាល័យតំណាងអចិន្ត្រៃយ៍របស់បុរីវ៉ាទីកង់ នៅវៀតណាមថាជាជំហានសំខាន់ឆ្ពោះទៅមុខក្នុងបរិបទនៃការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី៕