ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទទួលជួបនាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែត
(VOVWORLD) - នាថ្ងៃទី ១៨ តុលា ក្នុងឱកាសអញ្ជើញចូលរួមវេទិកាជាន់ខ្ពស់នៃកិច្ចសហប្រតិបត្តិ ការអន្តរជាតិ “ខ្សែក្រវាត់ និងផ្លូវ” លើកទី៣ នៅទីក្រុងប៉េកាំង ប្រទេសចិន ប្រធានរដ្ឋ វៀតណាមលោក Vo Van Thuong បានទទួលជួបនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត។ នេះជាជំនួបផ្ទាល់លើកដំបូងរវាងមេដឹកនាំទាំងពីរចាប់តាំងពីលោកប្រធាន រដ្ឋ Vo Van Thuong និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឡើងកាន់តំណែងថ្មី។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទទួលជួបនាយករដ្ឋមន្រ្តីកម្ពុជា
លោក ហ៊ុន ម៉ាណែត។ (រូបថត៖ VOV) |
នៅក្នុងជំនួបនេះ មេដឹកនាំទាំងពីរបានឯកភាពថា ទំនាក់ទំនងជិតស្និទ្ធ សាមគ្គី ភាព កិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភគ្នាទៅវិញទៅមក រវាងបក្សទាំងពីរ រដ្ឋ ទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ចាំបាច់ត្រូវជំរុញឱ្យកាន់តែខ្លាំងក្លា និងមាន ប្រសិទ្ធភាពបន្ថែមទៀតនាពេលខាងមុខ។ តាមមេដឹកនាំទាំងពីរ វៀតណាម និងកម្ពុជា នៅតែមានលក្ខខណ្ឌនិងសក្ដានុពលជាច្រើន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ច តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ចរាចរណ៍ និងពិចារណាបើកច្រកទ្វារព្រំដែនអន្តរ ជាតិបន្ថែមទៀត។ ដោយសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសន្តិសុខនិងការពារជាតិ គឺជាសសរស្តម្ភមួយនៃទំនាក់ទំនង មេដឹកនាំទាំងពីរបានឯកភាពគ្នាលើការពង្រឹង កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលដើម្បីធានាស្ថិរភាព សុវត្ថិភាព និង សន្តិសុខតាមព្រំដែន។ ភាគីទាំងពីរក៏បានសម្តែងការប្តេជ្ញាចិត្ត នឹងខិតខំប្រឹងប្រែង សម្រេចការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនចំនួន ១៦% ដែលនៅសេសសល់ ក្នុងពេលឆាប់ៗផងដែរ។
ប្រធានរដ្ឋ លោក Vo Van Thuong បានអះអាងថា គោលនយោបាយខ្ជាប់ខ្ជួនរបស់វៀតណាម គឺយកចិត្តទុកដាក់យ៉ាងខ្លាំងជានិច្ចដល់ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ រឹងមាំ យូរអង្វែងជាមួយ កម្ពុជា។ លោកប្រធានរដ្ឋបានស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និង ការជួបប្រាស្រ័យគ្នាគ្រប់ជាន់ថ្នាក់; អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង ដែលសម្រេចបាន; ជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការ ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ និង សហការបណ្តុះបណ្តាលធនធានមនុស្ស។ លោកប្រធានរដ្ឋក៏បានស្នើឱ្យភាគីកម្ពុជាបន្ត យកចិត្តទុកដាក់ បង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់សហគមន៍វៀតណាមនៅកម្ពុជាក្នុង ការរស់នៅ ធ្វើការ ព្រមទាំងដោះស្រាយបញ្ហាឯកសារផ្លូវច្បាប់ឱ្យបានកាន់តែ ងាយស្រួល។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានចាត់ទុកថា ការជួប ពិភាក្សានិងជួបប្រាស្រ័យគ្នារវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម គឺជាកិច្ចការដ៏សំខាន់ ដើម្បីស្វែងរកវិធានការជំរុញទំនាក់ទំនងរវាង ប្រទេសទាំងបី និងតភ្ជាប់សេដ្ឋកិច្ចទាំងបី។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន ឯកភាពថា ភាគីទាំងពីរគួរតែបង្កើនការផ្លាស់ប្តូរវប្បធម៌ ពង្រីកកិច្ចសហប្រតិបត្តិការ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជនជាមួយប្រជាជននាពេលខាងមុខ៕