ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញថ្លែងសុន្ទរកថានៅរដ្ឋសភាជប៉ុនដោយលើកឡើងចក្ខុវិស័យអនាគតនៃទំនាក់ទំនងទ្វេភាគី

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុននារសៀលថ្ងៃទី ២៩ វិច្ឆិកា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានអញ្ជើញថ្លែងសុន្ទរកថានៅចំពោះមុខរដ្ឋសភាជប៉ុន។ ព្រឹត្តិការណ៍នេះមានការចូលរួមពីសមាជិកសភាជាង ៤០០នាក់ នៃសភាទាំងពីរ ក្នុងនោះមាន ប្រធានសភាជាន់ទាប លោក Nukaga Fukushiro ប្រធានព្រឹទ្ធសភា លោក Otsuji Hidehisa នាយករដ្ឋមន្ត្រី លោក Kishida Fumio រដ្ឋមន្ត្រីការបរទេស លោកស្រី Kamikawa Yoko និងសមាជិកគណៈរដ្ឋមន្ត្រីមួយចំនួនរបស់ជប៉ុន។

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញថ្លែងសុន្ទរកថានៅរដ្ឋសភាជប៉ុនដោយលើកឡើងចក្ខុវិស័យអនាគតនៃទំនាក់ទំនងទ្វេភាគី - ảnh 1ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញថ្លែងសុន្ទរកថានៅរដ្ឋសភាជប៉ុន។ (រូបថត៖ VNA)

ក្នុងសុន្ទរកថា លោកប្រធានរដ្ឋ Vo Van Thuong បានសង្កត់ធ្ងន់ថា ប្រការដែលចងភ្ជាប់ប្រទេសទាំងពីរវៀតណាមនិងជប៉ុន គឺភាពស្រដៀងគ្នាខាងវប្បធម៌ ប្រវត្តិសាស្ត្រ មនុស្ស និងប្រពៃណីនៃការផ្លាស់ប្តូរដ៏រឹងមាំរវាងប្រជាជននៃប្រទេសទាំងពីរក្នុងអំឡុងពេលរាប់ពាន់ឆ្នាំ។ ក្រឡែកមើលឡើងវិញនូវទំនាក់ទំនងទ្វេភាគីក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក លោកប្រធានរដ្ឋបានអះអាងថា ជប៉ុនជាដៃគូសំខាន់របស់វៀតណាមលើគ្រប់វិស័យ; វៀតណាមមិនអាចបំភ្លេចការជួយឧបត្ថម្ភរបស់ជប៉ុនក្នុងគ្រាលំបាកនោះទេ។ លោកប្រធានរដ្ឋក៏បានសង្កត់ធ្ងន់ថា ទំនាក់ទំនងវៀតណាម-ជប៉ុនមានការអភិវឌ្ឍយ៉ាងល្អប្រសើរដូចសព្វថ្ងៃ គឺអាស្រ័យដោយមានការរួមវិភាគទានដ៏ធំធេងរបស់បណ្ដាជំនាន់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

និយាយអំពីសេចក្ដីថ្លែងការណ៍រួមដែលលើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោក លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍ដ៏សំខាន់នេះបានបើកជំពូកថ្មីក្នុងទំនាក់ទំនងវៀតណាម-ជប៉ុន៖

“ក្របខណ្ឌទំនាក់ទំនងថ្មីអនុញ្ញាតឱ្យយើងលើកកម្រិត និងពង្រីកកិច្ចសហប្រតិបត្តិការ មិនត្រឹមតែក្នុងទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងលើបញ្ហាតំបន់និងសកលផងដែរ។ មិនត្រឹមតែលើវិស័យប្រពៃណីប៉ុណ្ណោះទេ ថែមទាំងលើវិស័យសហប្រតិបត្តិការថ្មីៗដូចជា៖ ការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ ថាមពលស្អាត ការធ្វើបរិវត្តកម្មឌីជីថល ការវិនិយោគផ្ទាល់ពីបរទេសបៃតង ហិរញ្ញវត្ថុបៃតង ODA ជំនាន់ថ្មី ស្របតាមស្មារតីវៀតណាម - ជប៉ុនរួមដំណើរគ្នា ឆ្ពោះទៅអនាគត ឈានដល់ពិភពលោក”។

តាមលោកប្រធានរដ្ឋ ប្រទេសទាំងពីរត្រូវអនុវត្តន៍ក្របខណ្ឌទំនាក់ទំនងថ្មីដោយមានការត្រិះរិះថ្មី ទិសដៅថ្មី របៀបធ្វើថ្មី ហើយលោកបានស្នើការពង្រឹង ៦ ចំណុច រួមមាន៖ ពង្រឹងទំនុកចិត្តនយោបាយ; ពង្រឹងការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរវៀតណាម-ជប៉ុន; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ; ពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋាន និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពលស្អាត ថាមពលកកើតឡើងវិញ ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ; ពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលនៅវេទិកាពហុភាគី និងតំបន់។ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានចាត់ទុកថា ការលើកកំពស់ទំនាក់ទំនងទ្វេភាគីក្នុងដំណើរបំពេញទស្សនកិច្ចនេះ បានបំពេញសេចក្តីប្រាថ្នា និងបម្រើផលប្រយោជន៍ជាក់ស្តែង និងជាក់លាក់របស់ប្រជាជនជាង ២០០លាននាក់នៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ