ប្រធានរដ្ឋសភា លោក Vuong Dinh Hue ទទួលជួបគណៈប្រតិភូសមាជិកសភាអាមេរិក
(VOVWORLD) - ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានចាត់ទុកថា៖ វៀតណាម និងអាមេរិកត្រូវជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
ទិដ្ឋភាពនៃជំនួប |
នាព្រឹកថ្ងៃទី ៨ មេសា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានទទួលជួបគណៈប្រតិភូសមាជិកសភាអាមេរិក ដឹកនាំដោយសមាជិកព្រឹទ្ធសភា Jeff Merkley ដែលកំពុងបំពេញទស្សនកិច្ចការងារ តបតាមការអញ្ជើញរបស់រដ្ឋសភាវៀតណាម។
ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានចាត់ទុកថា៖ វៀតណាម និងអាមេរិកត្រូវជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ រដ្ឋសភាវៀតណាមកំពុងខិតខំប្រឹងប្រែងឱ្យមានក្របខ័ណ្ឌច្បាប់ក្នុងវិស័យនេះ។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ វៀតណាមត្រូវការយ៉ាងខ្លាំងនូវការគាំទ្រពីសហរដ្ឋអាមេរិកទាក់ទងនឹងធនធាន ហិរញ្ញវត្ថុ និងបទពិសោធន៍ ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការប្តេជ្ញាចិត្តដែលបានកំណត់ក្នុងវិស័យនេះ។
ប្រធានរដ្ឋសភាបានស្នើឲ្យ រដ្ឋសភាអាមេរិកបន្តផ្តល់អាទិភាពខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការក្នុងការជំនះនូវផលវិបាកនៃសង្គ្រាម; បង្កើនថវិកាសម្រាប់ជំនះលើចំណុចក្តៅឌីអុកស៊ីន បោសសម្អាតគ្រាប់បែកមីន គាំទ្រជនពិការ និងស្វែងរក និងកំណត់អដ្ឋិធាតុយុទ្ធជនវៀតណាម ព្រមទាំងស្នើឲ្យរដ្ឋសភាអាមេរិកគាំទ្រការរក្សាទំនាក់ទំនងពាណិជ្ជកម្មស្ថិរភាពនិងយូរអង្វែងរវាងប្រទេសទាំងពីរ បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ផលិតផលកសិកម្មរបស់វៀតណាមដូចជា ត្រី បង្គា ការនាំចូលផ្លែឈើ ទទួលស្គាល់បទបញ្ញត្តិសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម។ ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា វៀតណាមស្នើឱ្យសហរដ្ឋអាមេរិកបន្តគាំទ្រគោលជំហររបស់វៀតណាម និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទាក់ទងនឹងសមុទ្រខាងកើត រួមទាំងធានានូវសេរីភាពនាវាចរណ៍ អាកាសចរណ៍ ដោះស្រាយជម្លោះដោយសន្តិវិធីដោយឈរលើមូលដ្ឋាននៃ ច្បាប់អន្តរជាតិ (UNCLOS 1982); បន្តគាំទ្រវៀតណាម និងបណ្តាប្រទេសក្នុងតំបន់ ដើម្បីលើកកំពស់សមត្ថភាពនាវាចរណ៍។ សមាជិកព្រឹទ្ធសភា Jeff Merkley បានបញ្ជាក់ថា អាមេរិកគាំទ្រវៀតណាម ការពារអធិបតេយ្យភាព និងការពារសិទ្ធិរបស់ជាតិ។ ទន្ទឹមនឹងនោះ នឹងជួយឧបត្ថម្ភវៀតណាមអនុវត្តន៍ច្បាប់អន្តរជាតិ៕