ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅគុយបា អាហ្សង់ទីន និងសាធារណរដ្ឋអ៊ុយរូហ្គាយខាងកើត
(VOVWORLD) - ដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចំនួនបីនៅអាមេរិកឡាទីនបានប្រព្រឹត្តទៅចាប់ ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២៨ ខែមេសា ដោយប្រទេសគុយបាជាប្រទេសដំបូងនៃដំណើរទស្សនកិច្ចនេះ។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue (រូបថត៖ Doan Tan/TTXVN) |
តាមប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា លោក Vu Hai Ha តាមគម្រោង ក្នុងដំណើរបំពេញទស្សនកិច្ចនៅគុយបា ថ្នាក់ដឹកនាំនៃរដ្ឋសភាទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតយន្តការសហប្រតិបត្តិការអន្តរសភារវាងរដ្ឋសភានៃប្រទេសទាំងពីរ តាមនោះ នាំកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងគុយបាកាន់តែអនុវត្តជាក់ស្តែង និងមានប្រសិទ្ធភាព។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue គ្រោងនឹងថ្លែងសុន្ទរកថានៅរដ្ឋសភាគុយបានាថ្ងៃទី ១៩ មេសា ក្នុងនោះបញ្ជាក់ឡើងវិញនូវសាមគ្គីភាពជាមួយប្រជាជនគុយបា ដោយអះអាងថា ប្រទេសទាំងពីរនឹងប្រគៀកស្មារជាមួយគ្នា ដើម្បីឯករាជ្យ សេរីភាព សន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសនីមួយៗ។
ទាក់ទិននឹងដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue ទៅកាន់ប្រទេសគុយបា អាហ្សង់ទីន និងសាធារណរដ្ឋអ៊ុយរូហ្គាយភាគខាងកើត កាសែត La Jornada របស់ម៉ិកស៊ិកក្នុងអត្ថបទចុះថ្ងៃទី ១៦ មេសា បានធ្វើការអត្ថាធិប្បាយអំពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមបានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តនិងគោលបំណងរបស់វៀតណាម ចង់ពង្រឹងទំនាក់ទំនងពហុភាគីជាមួយប្រទេសទាំងបីនេះ មិនត្រឹមតែលើបណ្តាញកិច្ចការបទេសសភាប៉ុណ្ណោះទេ ថែមទាំងក្នុងគោលនយោបាយការបរទេសទាំងមូលរបស់វៀតណាមទៀតផង នោះគឺ៖ ផ្តល់អាទិភាពក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពជាមួយដៃគូប្រពៃណីក្នុងតំបន់អាមេរិកឡាទីន។ កាសែតប្រចាំថ្ងៃជាភាសាអេស្បាញដែលមានអ្នកអានច្រើនជាងគេទី ៧ ក្នុងតំបន់បានគូសបញ្ជាក់អំពីទំនាក់ទំនងជាប្រពៃណី និងមិត្តភាពរវាងវៀតណាម និងបណ្តាប្រទេសនៅអាមេរិកឡាទីន ដែលផ្តើមចេញពីការចែករំលែកភាពស្រដៀងគ្នា ក្នុងប្រវត្តិសាស្ត្រនៃការតស៊ូរំដោះជាតិ។
កាសែត Regeneración - បណ្តាញផ្សព្វផ្សាយនយោបាយរបស់បក្ស Morena ដែលកំពុងកាន់អំណាចនៅប្រទេសម៉ិកស៊ិក ពិនិត្យប្រវត្តិនៃការតស៊ូរំដោះជាតិ ក៏ដូចជាសមិទ្ធិផលលេចធ្លោរបស់វៀតណាមក្នុងការផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
កាសែត Voces Del Periodista - វេទិកាសិក្សានិងជាសម្លេងអ្នកកាសែតម៉ិកស៊ិក បានឲ្យដឹងថា រដ្ឋសភាវៀតណាមនីតិកាលទី ១៥ (២០២១-២០២៦) ដឹកនាំដោយលោក Vuong Dinh Hue បង្ហាញពីចរិតលក្ខណៈច្នៃប្រឌិត ប្រសិទ្ធភាព និងប្រសិទ្ធភាពក្នុង ការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន។ កាសែតនេះបានបញ្ជាក់ថា រដ្ឋសភាវៀតណាមបានរួមដំណើរជាមួយរដ្ឋាភិបាលដើម្បីរួមចំណែកដល់ជោគជ័យរួមនៃ "ការទូតវ៉ាក់សាំង" ដោយហេតុនេះជួយឱ្យវៀតណាមទទួលបានជោគជ័យជាមួយនឹងយុទ្ធសាស្ត្រវ៉ាក់សាំង “ដើរតាមក្រោយ ទៅកាន់គោលដៅមុន”៕