ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញ​ទទួលជួប​ថ្នាក់ដឹក​នាំសម្ព័ន្ធសមាគម សហគ្រាសប៊ុលហ្គារីមួយចំនួន

(VOVWORLD) - ប្រធានរដ្ឋសភាបានស្នើឱ្យសម្ព័ន្ធសមាគមឧស្សាហកម្ម ក៏ដូចជាសភាពាណិជ្ជកម្ម និងឧស្សាហកម្មប៊ុលហ្គារី សហការជាមួយសហភាពពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) សហការជាមួយសហគ្រាស និងស្វែងយល់ពីឱកាសវិនិយោគធ្វើអាជីវកម្មរវាងប្រទេសទាំងពីរ។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញ​ទទួលជួប​ថ្នាក់ដឹក​នាំសម្ព័ន្ធសមាគម សហគ្រាសប៊ុលហ្គារីមួយចំនួន - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue។ រូបថត៖ TTXVN

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប៊ុលហ្គារី នារសៀលថ្ងៃម្សិលមិញ (២៥ កញ្ញា) នៅរដ្ឋធានី Sofia ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបតំណាងសភាពាណិជ្ជកម្ម និងឧស្សាហកម្មប៊ុលហ្គារី សម្ព័ន្ធសមាគមឧស្សាហកម្មប៊ុលហ្គារី; ក្រុមហ៊ុន Geotechmin Ood ដែលមានឯកទេសធ្វើអាជីវកម្មរ៉ែ សំណង់ និងថាមពល។ ក្រុមហ៊ុន Biovet JSC ដែលមានឯកទេសខាងថ្នាំសត្វ។

អញ្ជើញថ្លែងនៅទីនេះ ប្រធានរដ្ឋសភាបានស្នើឱ្យសម្ព័ន្ធសមាគមឧស្សាហកម្ម ក៏ដូចជាសភាពាណិជ្ជកម្ម និងឧស្សាហកម្មប៊ុលហ្គារី សហការជាមួយសហភាពពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) សហការជាមួយសហគ្រាស និងស្វែងយល់ពីឱកាសវិនិយោគធ្វើអាជីវកម្មរវាងប្រទេសទាំងពីរ។

យោងតាមប្រធានរដ្ឋសភាបានឲ្យដឹងថា នៅពេលដែលសហគ្រាសប៊ុលហ្គារីបង្កើតទំនាក់ទំនងជាមួយដៃគូ និងបណ្តាក់ទុននៅវៀតណាម នឹងមានលក្ខខណ្ឌក្នុងការជ្រៀតចូលទីផ្សារសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ទន្ទឹមនឹងនោះ វិនិយោគិននិងសហគ្រាសវៀតណាមដែលមានទំនាក់ទំនងសហប្រតិបត្តិការជាមួយសហគ្រាសប៊ុលហ្គារីក៏នឹងមានឱកាសវិនិយោគជាមួយបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប (EU)។

នាថ្ងៃដដែល ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញទៅទស្សនា និងថ្លែងសុន្ទរកថានៅសកលវិទ្យាល័យសេដ្ឋកិច្ចអន្តរជាតិ និងជាតិ Sofia។ ក្នុងសុន្ទរកថា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានគូសបញ្ជាក់អំពីទិសដៅសហប្រតិបត្តិការសំខាន់ៗមួយចំនួនក្នុងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងប៊ុលហ្គារីនាពេលខាងមុខ ក្នុងនោះបានសង្កត់ធ្ងន់លើការលើកកំពស់ទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរ ជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់លើកាណាល់បក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន បង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ និងជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងរដ្ឋសភានៃប្រទេសទាំងពីរ និងនៅវេទិកាសភាពិភពលោក។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ក៏បានស្នើឲ្យ ប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍; ពន្លឿនគំនិតផ្ដួចផ្ដើមសហប្រតិបត្តិការសេដ្ឋកិច្ចថ្មីនៅកម្រិតតំបន់ និងពិភពលោក។ ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យប្រពៃណី ដូចជាការអប់រំ-បណ្តុះបណ្តាល សុខាភិបាល ជីវបច្ចេកវិទ្យា កសិកម្ម បរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ