ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុង Santiago de Cuba
(VOVWORLD) - បន្តសកម្មភាពក្នុងដំណើរទស្សនកិច្ចផ្លូវការនៅគុយបា នាថ្ងៃទី ២២ មេសា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញទស្សនាទីក្រុង Santiago de Cuba ដែលជាទីក្រុងធំទីពីររបស់ប្រទេសគុយបា។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងប្រធានរដ្ឋសភាគុយបាលោក Esteban Lazo Hernández បានដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខ័ន្ធផ្នូររបស់វីរៈបុរសជាតិ José Martí (រូបថត៖ Vna) |
នៅទីនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងប្រធានរដ្ឋសភាគុយបាលោក Esteban Lazo Hernández បានដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខ័ន្ធផ្នូររបស់វីរៈបុរសជាតិ José Martí ផ្នូរអគ្គមេបញ្ជាការ Fidel Castro Ruz និងផ្នូរបិតាឯករាជ្យ Carlos Manuel de Cespedes ផ្នូរមាតាជាតិ Maria Grajales de Maceo នៅទីបញ្ចុះសព Santa Ifigennia ។
បន្ទាប់មក ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបលេខាគណៈកម្មាធិការបក្សខេត្ត Santiago de Cuba លោក José Ramón Monteagudo Ruíz និងអភិបាលខេត្ត Beatriz Jhonson Urrutia ។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវៀតណាមនៅគុយបាលើកនេះ បានប្រព្រឹត្តទៅក្នុងឱកាសដែលប្រទេសទាំងពីរមានព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដែលបង្ហាញថា វៀតណាមចងចាំជានិច្ចនូវចំណងសាមគ្គីភាពពិសេស និងការគាំទ្ររបស់គុយបាចំពោះវៀតណាមក្នុងគ្រាដ៏លំបាកដ៏ច្រើនបំផុត។ លោកប្រធានរដ្ឋសភាសង្ឃឹមថា ភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលមានប្រៀបខ្លាំង ហើយមានតម្រូវការ ធ្វើពិពិធកម្មក្របខ័ណ្ឌ និងលើកកម្ពស់ការតភ្ជាប់ រួមទាំងការផ្លាស់ប្តូរប្រជាជនជាមួយប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន។ ប្រធានរដ្ឋសភាបានអះអាងថា រដ្ឋសភា និងរដ្ឋាភិបាលវៀតណាមបានប្តេជ្ញាបង្កើតលក្ខខ័ណ្ឌអំណោយផលបំផុត ដើម្បីជួយដល់មូលដ្ឋាននៃប្រទេសទាំងពីររៀនសូត្រ និងចែករំលែកបទពិសោធន៍លើវិស័យដែលមានប្រៀបខ្លាំង និងតម្រូវការដូចជា៖ សុខាភិបាល ការអប់រំ ទេសចរណ៍ សេវាកម្ម ផលិតកម្មស្បៀងអាហារ ថាមពលកកើតឡើងវិញ។
រីឯខ្លួនវិញ ថ្នាក់ដឹកនាំ Santiago de Cuba បានឧទ្ទេសនាមអំពីប្រវត្តិសាស្ត្រ វប្បធម៌ សក្ដានុពល និងប្រៀបខ្លាំងរបស់មូលដ្ឋាន ហើយមានបំណងថា អង្គភាពអាជីវកម្មវៀតណាមកាន់តែច្រើននឹងមក Santiago de Cuba ដើម្បីស្វែងយល់ពីឱកាសអាជីវកម្ម និងវិនិយោគនៅទីនេះ។
កាលពីថ្ងៃទី ២២ មេសា ដដែល ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernández បានទៅទស្សនាសាលា មិត្តភាពពិសេសគុយបា-វៀតណាម ដែលជាសាលាសម្រាប់កុមារពិការមកពីខេត្តចំនួន៥នៅភាគខាងកើត ប្រទេសគុយបា នៅទីក្រុង Santiago de Cuba ។ នៅទីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានប្រគល់ជូនសាលានូវឧបករណ៍មួយចំនួនសម្រាប់សកម្មភាពបង្រៀន និងរៀនដូចជា៖ កុំព្យូទ័រលើតុ ថេប្លេត ទូរទស្សន៍ជាដើម រួមជាមួយនឹងប្រដាប់ប្រដាក្មេងលេងដែលធ្វើដោយកុមារពិការវៀតណាម។
បន្ទាប់មកកាលពីយប់ថ្ងៃទី ២២ មេសា នៅទីក្រុង Santiago de Cuba ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងប្រធានរដ្ឋសភាគុយបាលោក Esteban Lazo Hernández បានចូលរួមកម្មវិធីសិល្បៈពិសេសដើម្បីអបអរសាទរខួបលើកទី ៦០ នៃការបង្កើតគណៈកម្មាធិការសាមគ្គីគុយបាជាមួយវៀតណាមខាងត្បូង (១៩៦៣ - ២០២៣) និងខួបលើកទី ៥០ ឆ្នាំនៃដំណើរទស្សនកិច្ចរបស់អគ្គមគុទ្ទេសក៍ Fidel Castro ទៅកាន់ប្រទេសវៀតណាម និងទៅកាន់ទឹកដីខេត្ត Quang Tri នៃសមរភូមិភាគខាងត្បូងវៀតណាម (១៩៧៣ - ២០២៣) ផងដែរ៕