ប្រធានសភាជាន់ទាបឥណ្ឌូណេស៊ី ប្រធាន AIPA ២០២៣ ទទួលជួបជាមួយប្រធានគណៈប្រតិភូដែលចូលរួម AIPA - ៤៤
(VOVWORLD) - នាព្រឹកថ្ងៃទី៧ ខែសីហានេះ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ប្រធានសភាជាន់ទាបឥណ្ឌូនេស៊ី ប្រធានមហាសន្និបាតអន្តរសភានៃប្រជាជាតិអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៣ លោក Puan Maharani បានទទួលជួបជាមួយប្រធានគណៈប្រតិភូដែលកំពុងចូលរួមមហាសន្និបាតអន្តរសភា អាស៊ីអាគ្នេយ៍ លើកទី ៤៤ (AIPA-៤៤)។
ថ្នាក់ដឹកនាំគណៈប្រតិភូបានវាយតម្លៃខ្ពស់ចំពោះប្រធានបទនៃមហាសន្និបាត AIPA – ៤៤ (រូបថត៖ VOV) |
នៅក្នុងជំនួបនេះ ប្រធានសភាជាន់ទាបឥណ្ឌូណេស៊ី ប្រធាន AIPA ២០២៣ លោក Puan Maharani បានសង្កត់ធ្ងន់ថា មហាសន្និបាតនេះមានសារៈសំខាន់ណាស់សម្រាប់ AIPA ក្នុងការបន្តដោះស្រាយបញ្ហាប្រឈមរួម ឆ្ពោះទៅការកសាងសភាសកម្មដែលសម្របតាមតម្រូវការរបស់សហគមន៍អាស៊ានប្រកបដោយស្ថិរភាពនិងរីកចម្រើន។ ការចូលរួមចំណែករបស់សភាមានតួនាទីសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមរដ្ឋសមាជិកអាស៊ាន។ AIPA ត្រូវតែពង្រឹងបន្ថែមទៀតនូវសាមគ្គីភាព និងឯកភាព ដើម្បីបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការកសាងសហគមន៍អាស៊ានប្រកបដោយវិបុលភាព និងនិរន្តរភាព។
អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះការត្រៀមរបស់ឥណ្ឌូនេស៊ីសម្រាប់ការរៀបចំមហាសន្និបាត AIPA-៤៤ ដោយបានសម្តែងការឯកភាពទាំងស្រុងជាមួយនឹងប្រធានបទសំខាន់នៃមហាសន្និបាតក៏ដូចជារបៀបវារៈជាក់ស្តែងរបស់មហាសន្និបាត។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងប្រធានគណៈប្រតិភូបានជឿជាក់ថា មហាសន្និបាត AIPA – ៤៤ នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ជាពុំខាន៕