ប្រធានសភាជាន់ទាបឥណ្ឌាលោក Om Birla អញ្ជើញទៅទស្សនាឈូងសមុទ្រ Ha Long
(VOVWORLD) - ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាថ្ងៃទី ២០ មេសា ប្រធានសភាជាន់ទាបឥណ្ឌា Om Birla និងគណៈ ប្រតិភូសភាជាន់ទាបឥណ្ឌា បានអញ្ជើញទៅទស្សនាឈូងសមុទ្រ Ha Long ខេត្ត Quang Ninh។
ប្រធានសភាជាន់ទាបឥណ្ឌា លោក Om Birla (ខាងឆ្វេង) ជិះនាវាទេសចរណ៍ទៅទស្សនាឈូងសមុទ្រ Ha Long។ (រូបថត៖ VOV) |
ទទួលស្វាគមន៍លោកប្រធានសភាជាន់ទាបឥណ្ឌា លោក Nguyen Xuan Ky លេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Quang Ninh បានសម្ដែងគោលបំណងថា តាមរយៈដំណើរទស្សនកិច្ចលើកនេះ ក្នុងតួនាទីរបស់ខ្លួន លោកប្រធានសភាជាន់ទាបឥណ្ឌា នឹងក្លាយជាស្ពានតភ្ជាប់ដ៏សកម្មមួយ ដើម្បីជំរុញឲ្យ សម្ព័ន្ធក្រុមហ៊ុន និងវិនិយោគិនឥណ្ឌាកាន់តែច្រើន មកបណ្តាក់ទុន និងធ្វើអាជីវកម្មនៅ ខេត្ត Quang Ninh ជាពិសេសលើវិស័យដែលខេត្តមានប្រៀបខ្លាំងដូចជា បច្ចេកវិទ្យា ព័ត៌មាន ឱសថបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មវប្បធម៌ ឧស្សាហកម្មកម្សាន្តប្រកបដោយ ភាពច្នៃប្រឌិត ; ទន្ទឹមនឹងនោះ បើកជើងហោះហើរពីឥណ្ឌាទៅខេត្ត Quang Ninh នា ពេលឆាប់ៗនេះ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការទាក់ទាញទេសចរណ៍ រវាងប្រទេសទាំងពីរផងដែរ។
ប្រធានសភាជាន់ទាបឥណ្ឌា លោក Om Birla បានវាយតំលៃខ្ពស់ចំពោះកិច្ចសហ ប្រតិបត្តិការរវាងខេត្ត Quang Ninh និងស្ថានទូតឥណ្ឌាប្រចាំនៅវៀតណាមនាពេល កន្លងមក ដែលបានរួមចំណែកជំរុញទំនាក់ទំនងមិត្តភាពការទូតរវាងប្រទេសទាំងពីរ។ លោកប្រធានសភាជាន់ទាប Om Birla ក៏បានស្នើឲ្យខេត្ត Quang Ninh ពិចារណាលើ ការចងមេត្រីភាពជាមួយរដ្ឋមួយចំនួនដែលមានលក្ខណៈ ស្រដៀងគ្នារបស់ឥណ្ឌា តាម នោះជំរុញសកម្មភាពជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជនដោយផ្សាភ្ជាប់នឹងការ អភិវឌ្ឍទេសចរណ៍៕