ប្រព័ន្ធផ្សព្វផ្សាយគុយបាមានក្ដីរំពឹងទុកជាច្រើនចំពោះដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue
(VOVWORLD) - តាមផែនការ ប្រធានរដ្ឋសភាលោក Vuong Dinh Hue នឹងថ្លែងសុន្ទរកថាជាផ្លូវការទៅកាន់រដ្ឋសភាគុយបានៅទីក្រុង Havana។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue (រូបថត៖ VNA) |
ប្រព័ន្ធផ្សព្វផ្សាយគុយបាជាច្រើន នាប៉ុន្មានថ្ងៃថ្មីៗនេះបានចុះផ្សាយអត្ថបទសរសេរស្វាគមន៍ដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបារបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ហើយបានសំដែងជំនឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងទទួលបានជោគជ័យយ៉ាងល្អប្រសើរ រួមចំណែកធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសាមគ្គីភាពជាភាតរៈ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងជឿទុកចិត្តគ្នាទៅវិញទៅមកក្នុងរយៈពេលជាង ៦០ ឆ្នាំកន្លងទៅ។
ទីភ្នាក់ងារសារព័ត៌មានធំៗរបស់គុយបាជាច្រើនសុទ្ធតែបានផ្សាយព័ត៌មាន និងសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានប្រព្រឹត្តិទៅក្នុងពេលវេលាដែលមានអត្ថន័យដ៏សំខាន់ចំពោះគុយបា ពោលគឺថ្ងៃទី ១៩ មេសា គុយបាបានរំលឹកខួបជ័យជំនះ Girón (១៩ មេសា ឆ្នាំ ១៩៦១) កងកម្លាំងបដិវត្តគុយបាបានវាយកម្ទេចយុទ្ធនាការរបស់កម្លាំងប្រតិកិរិយា ដែលត្រូវបានសហរដ្ឋអាមេរិកគាំទ្រ សំដៅផ្តួលរំលំរដ្ឋអំណាចបដិវត្តគុយបា ដែលដឹកនាំដោយលោក Fidel Castro។ តាមផែនការ ប្រធានរដ្ឋសភាលោក Vuong Dinh Hue នឹងថ្លែងសុន្ទរកថាជាផ្លូវការទៅកាន់រដ្ឋសភាគុយបានៅទីក្រុង Havana។
អត្ថបទសរសេរទាំងនេះបានបញ្ជាក់ថា៖ ដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ត្រូវបានប្រជាជនគុយបាចាត់ទុកថាជាដំណើរទស្សនកិច្ចរបស់បងប្អូន ហើយទទួលបានការយកចិត្តទុកដាក់ជាពិសេសរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាជនគុយបាផងដែរ។ សាធារណៈមតិគុយបាបានវាយតម្លៃថា ដំណើរទស្សនកិច្ចនេះសំដៅបង្ហាញពីសុឆន្ទៈនយោបាយខ្ពស់បំផុតរបស់រដ្ឋសភាវៀតណាម ដែលជានិច្ចកាលប្រកៀកស្មាជាមួយ “កោះសេរីភាព” បន្តប្រពៃណីសាមគ្គីភាព គាំទ្រ និងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ៕