ប្រព័ន្ធផ្សព្វផ្សាយប្រ៊ុយណេ៖ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh គឺជាសក្ខីភាពនៃទំនាក់ទំនងការទូតដ៏រឹងមាំ
(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយប្រ៊ុយណេបានចុះផ្សាយអត្ថបទជាច្រើនអំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមមកកាន់ព្រះរាជាណាចក្រនេះចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែកុម្ភៈ។
គេហទំព័រ borneobulletin.com បានចុះផ្សាយអត្ថបទដោយគូសបញ្ជាក់ថា ចាប់តាំងពីពេលចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុង Bandar Seri Begawan រដ្ឋធានីនៃប្រទេសប្រ៊ុយណេក្នុងឆ្នាំ ១៩៩៥ វៀតណាមបានក្លាយទៅជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់។ អត្ថបទបានដកស្រង់ប្រសាសន៍របស់ព្រះមហាក្សត្រប្រ៊ុយណេ ព្រះបាទ Hassanal Bolkiah ដោយបានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។ ប្រ៊ុយណេមានបំណងចង់អភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្មជាមួយវៀតណាមបន្ថែមទៀត ជាពិសេសតាមរយៈការបណ្តាក់ទុនរួមគ្នាលើវិស័យវារីវប្បកម្ម ដើម្បីជួយកសាងសមត្ថភាពនៃសហគ្រាសក្នុងមូលដ្ឋាន និងធានាសន្តិសុខស្បៀងអាហារ។
ប្រព័ន្ធផ្សព្វផ្សាយប្រ៊ុយណេក៏បានដកស្រង់ប្រសាសន៍របស់រដ្ឋមន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ សេដ្ឋកិច្ចប្រ៊ុយណេ លោក Amin Liew Abdullah ដោយសង្កត់ធ្ងន់ថា ជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់វៀតណាមប្រ៊ុយណេបានឃើញពីសក្តានុពលក្នុងការពង្រឹងសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរព្រមទាំងបានអះអាងថា ប្រ៊ុយណេ យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជិតស្និទ្ធជាមួយវៀតណាម។ លោករដ្ឋមន្ត្រី Amin Liew Abdullah បានសង្កត់ធ្ងន់ថា ប្រ៊ុយណេស្វែងរកទំនាក់ទំនងភាពជាដៃគូដែលមានផលប្រយោជន៍ទៅវិញទៅមកជាមួយប្រទេសមានទំនាក់ទំនងជិតស្និទ្ធដូចជាវៀតណាម ដើម្បីធានាបាននូវវិបុលភាពតាមរយៈគម្រោងសហប្រតិបត្តិការលើវិស័យសំខាន់ៗ និងជាអាទិភាពរបស់ព្រះរាជាណាចក្រនេះដូចជា៖ ប្រេង ឧស្ម័ន ម្ហូបអាហារ ទេសចរណ៍ បច្ចេកវិទ្យាព័ត៌មាន - ព្សព្វផ្សាយ និងសេវាកម្ម៕