ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី៖ វៀតណាមខិតខំពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
(VOVWORLD) - អត្ថបទនានាផ្តោតលើការរំលេចលទ្ធផលកិច្ចសហប្រតិបត្តិការជាវិជ្ជមានដែលសម្រេចបានរវាងវៀត ណាមនិងបណ្តាប្រទេសនៅអឺរ៉ុប ជាពិសេសលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងលើកត្រដែតនូវសមិទ្ធិផលលេចធ្លោរបស់វៀតណាមក្នុងបញ្ហាធានាសិទ្ធិមនុស្ស។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានចូលរួមវេទិកាជាន់ខ្ពស់វៀតណាម-អង់គ្លេស ស្តីពីសេដ្ឋកិច្ច និងពាណិជ្ជកម្ម (ប្រភព៖ Doan Tan/TTXVN) |
ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមទៅកាន់អឺរ៉ុបចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែមិថុនា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី។ អត្ថ បទនានាផ្តោតលើការរំលេចលទ្ធផលកិច្ចសហប្រតិបត្តិការជាវិជ្ជមាន ដែលសម្រេចបានរវាងវៀតណាមនិងបណ្តាប្រទេសនៅអឺរ៉ុប ជាពិសេសលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងលើកត្រដែតនូវសមិទ្ធិផលលេចធ្លោរបស់វៀតណាមក្នុងបញ្ហាធានាសិទ្ធិមនុស្ស។
អត្ថបទ “វៀតណាមបង្កើនពាណិជ្ជកម្មនិងវិនិយោគជាមួយអ៊ីតាលីនិងអឺរ៉ុប” ចុះផ្សាយលើកាសែត La Città Futura បានអះអាងថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងជម្រុញយ៉ាងខ្លាំងក្លានូវទំនាក់ទំនងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមជាមួយបណ្តាប្រទេសអឺរ៉ុប។ អត្ថបទបានសង្ខេបអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ហើយទន្ទឹមនឹងនោះក៏លើកត្រដែតពីតួនាទីរបស់វៀត ណាមដែលជាដៃគូនាំមុខគេរបស់អ៊ីតាលីនៅអាស៊ីអាគ្នេយ៍ ជាស្ពានតភ្ជាប់ដ៏មានប្រសិទ្ធភាពសម្រាប់ EU និយាយរួម និងអ៊ីតាលីនិយាយដោយឡែក ជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ( អាស៊ាន)។
ក្នុងពេលជាមួយគ្នានោះ កាសែត Marx21 daily មានអត្ថបទមួយមានចំណងជើងថា “សេចក្តីប្រកាសរបស់វៀតណាមនៅអឺរ៉ុបអំពីការចូលជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ”។ អត្ថបទបានសង្កត់ធ្ងន់ថា ជាមួយនឹងការជ្រើសតាំងជាលើកទីពីរដើម្បីចូលរួមក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ វៀត ណាមកំពុងបង្ហាញគោលមាគ៌ាត្រឹមត្រូវក្នុងគោលនយោបាយអភិវឌ្ឍន៍សិទ្ធិមនុស្សដោយផ្តោតលើប្រជាជន។ អត្ថបទវាយតម្លៃថា ការដែលវៀតណាមត្រូវបានប្រទេសអាស៊ានជ្រើសរើសជាឯកច្ឆ័ន្ទជាបេក្ខភាពរបស់តំបន់អាស៊ីអាគ្នេយ៍ ដើម្បីចូលរួមក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិ ២០២៣-២០២៥ គឺបង្ហាញពីការជឿជាក់ និងការឯកភាពខ្ពស់របស់អាស៊ានចំពោះវៀតណាមលើវិស័យនេះ៕