បរិយាកាសអំណរបុណ្យណូអែលដ៏សប្បាយរីករាយនិងសុខសាន្តនៅគ្រប់ទីកន្លែងទូទាំងប្រទេស
(VOVWORLD) - នាយប់ថ្ងៃទី ២៤ ខែធ្នូ ប្រជាជននិងភ្ញៀវបរទេសជាច្រើនបានប្រមូលផ្តុំគ្នានៅព្រះវិហារ និងកន្លែងលេងកម្សាន្តសាធារណៈមួយចំនួននៅកណ្តាលទីក្រុងហាណូយ ដើម្បីអបអរបុណ្យណូអែល។ ខ្សែផ្លូវជាច្រើនរបស់រដ្ឋធានីត្រូវបានតុបតែងលម្អដោយភ្លើងផ្កាភ្លឺចិញ្ច្រាច។
ជាពិសេសនៅតំបន់ដែលមានវិហារកាតូលិក ដូចជាព្រះវិហារធំហាណូយ ព្រះវិហារ Ham Long ត្រូវបានតុបតែងលម្អដោយរូងភ្នំ និងដើមណូអែលចម្រុះពណ៌។
ព្រះវិហារធំហាណូយ ពោរពេញទៅដោយបរិយាកាសនៃបុណ្យណូអែល។ រូបថត៖ VOV |
មនុស្សជាច្រើន ជាពិសេសក្រុមគ្រួសារនិងយុវវ័យ មកកាន់ព្រះវិហារនិងសហគមន៍កាតូលិកដើម្បីទស្សនា ថតរូប check – in ក្នុងឱកាសបុណ្យណូអែល។ លោកស្រី Nguyen Thi Thu រស់នៅទីក្រុងហាណូយ ជាមួយក្រុមគ្រួសារមកទស្សនាកម្សាន្តតំបន់ព្រះវិហារធំហាណូយបានសម្តែងថា៖ “បុណ្យណូអែលមានអត្ថន័យដ៏កក់ក្តៅ រដូវបុណ្យណូអែលនាំមកនូវសេចក្តីសប្បាយរីករាយនៃឆ្នាំថ្មីជិតមកដល់។ ខ្ញុំនាំកូនៗទៅដើរលេងព្រះវិហារធំដើម្បីរីករាយជាមួយបរិយាកាស និងទេសភាពនៅទីនេះ”។
ព្រះវិហារកាតូលិកជាច្រើននៅលើផ្លូវ Pham The Hien (ខ័ណ្ឌ ៨ ទីក្រុងហូជីមិញ) ត្រូវបានតុបតែងលម្អយ៉ាងអស្ចារ្យ ភ្លឺស្វាង និងទាក់ទាញភ្នែក។ រូបថត៖ VOV |
នៅទីក្រុងហូជីមិញ នៅជុំវិញតំបន់កណ្តាលទីក្រុងដូចជាវិថីដើរដ្មើរជើង Nguyen Hue ព្រះវិហារ Duc Ba និងមជ្ឈមណ្ឌលលក់ទំនិញ មានមនុស្សជាច្រើនមកលេងកម្សាន្ត ថតរូប និងទៅព្រះវិហារ។ លោកស្រី Patty ភ្ញៀវទេសចរម្នាក់មកពីសហរដ្ឋអាមេរិកដែលកំពុងធ្វើដំណើរកម្សាន្តនៅទីក្រុងហូជីមិញ បានឲ្យដឹងថា លោកស្រីបានចំណាយពេល ៣ សប្តាហ៍ដើម្បីស្វែងរកកន្លែងជាច្រើននៅក្នុងប្រទេសវៀតណាមដូចជាទីក្រុងហាណូយ Da Nang Phu Quoc និងខេត្តមួយចំនួននៅភាគខាងលិច។ ឱកាសស្វាគមន៍បុណ្យណូអែលនៅវៀតណាមគឺជាបុណ្យណូអែលដ៏ពិសេសសម្រាប់លោកស្រី៖ “នាងខ្ញុំមានអារម្មណ៍សប្បាយរីករាយជាមួយនឹងបរិយាកាសបុណ្យណូអែលនៅទីនេះ ហាក់ដូចជាមានមនុស្សជាច្រើននាក់កាន់សាសនាកាតូលិកនៅទីនេះដែរ។ ក្នុងនាមជាអ្នកកាន់សាសនាកាតូលិក បុណ្យណូអែលគឺជាឱកាសដែលនាំមកនូវសេចក្តីអំណរ រំភើប និងផ្តល់ថាមពលជាច្រើនសម្រាប់នាងខ្ញុំ”៕