ប្រារព្ធវេទិកាសេដ្ឋកិច្ចវៀតណាមឆ្នាំ២០២១ក្រោមប្រធានបទ “ការស្ដារឡើងវិញនិងអភិវឌ្ឍប្រកបដោយចីរភាព”
(VOVWORLD) - នៅព្រឹកថ្ងៃទី៥ ខែធ្នូ វេទិកាសេដ្ឋកិច្ចវៀតណាមឆ្នាំ២០២១ ក្រោមប្រធានបទ “ការស្ដារឡើងវិញនិងអភិវឌ្ឍប្រកបដោយចីរភាព” បានប្រារព្ធធ្វើឡើងជាផ្លូវការក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue។
ទិដ្ឋភាពនៅវេទិកាសេដ្ឋកិច្ចវៀតណាមឆ្នាំ២០២១។ (រូបថត៖ VGP) |
អញ្ជើញចូលរួមវេទិកាមានវត្តមានថ្នាក់ដឹកនាំបណ្ដាស្ថាប័នរដ្ឋាភិបាល រដ្ឋសភា ក្រសួង ស្ថាប័ន អង្គការមហាជនមជ្ឈឹមនិងតំបន់ តំណាងស្ថានទូតមួយចំនួនប្រចាំនៅវៀតណាម ភ្ញៀវកិត្តិយសអន្តរជាតិ និងអ្នកជំនាញ អ្នកវិទ្យាសាស្ត្រ អ្នកគ្រប់គ្រង សេដ្ឋវិទូ។ ល។ វេទិកាត្រូវបានធ្វើឡើងតាមទម្រង់ដោយផ្ទាល់ផងនិងតាមអនឡាញផង។ ពីមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ (រដ្ឋធានីហាណូយ) វេទិកាត្រូវបានតភ្ជាប់តាមប្រព័ន្ធវីដេអូជាមួយនឹងកន្លែងផ្សាយផ្ទាល់នៅក្នុងប្រទេសចំនួន៥៧ កន្លែង នៅក្រៅប្រទេសចំនួន៣កន្លែង (សហរដ្ឋអាមេរិក បារាំង ថៃ)។
អញ្ជើញថ្លែងសុន្ទរកថាបើកវេទិកា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា វេទិកាសេដ្ឋកិច្ចវៀតណាមឆ្នាំ២០២១ ជាឱកាសដើម្បីរដ្ឋសភា ស្ថាប័ននិងអង្គការពាក់ព័ន្ធផ្ទៀងស្ដាប់មតិយោបល់របស់អ្នកជំនាញ អ្នកវិទ្យាសាស្ត្រនៅក្នុងនិងក្រៅប្រទេស ដៃគូអភិវឌ្ឍរបស់វៀតណាម សមាជិករដ្ឋសភា ប្រជាជន ម្ចាស់ឆ្នោតនិងសហគមន៍ធុរកិច្ចទូទាំងប្រទេស អំពីដំណោះស្រាយទូទៅសម្រាប់ស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើងវិញប្រកបដោយចីរភាព ក៏ដូចជាគោលនយោបាយជាក់ស្ដែងអំពីការកៀងគរ បែងចែកនិងប្រើប្រាស់ប្រភពធនធានឲ្យបានសមស្របបំផុត ក៏ដូចជាការសម្របសម្រួលរវាងគោលនយោបាយទាំងនេះ ដើម្បីរក្សា និងបង្កើនកម្លាំងចលករសម្រាប់កំណើន ធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា បំពេញទាំងតម្រូវការនាពេលខាងមុខនិងគោលដៅយូរអង្វែងនៃការអភិវឌ្ឍប្រកបដោយចីរភាព ឆ្ពោះទៅការជំរុញនវានុវត្តភាព កំណើនបៃតងនិងការផ្លាស់ប្ដូរឌីជីថល។
វេទិកាមានអត្ថន័យដ៏សំខាន់ ដែលរួមចំណែកស្រាយបំភ្លឺឲ្យបានក្បោះក្បាយថែមទៀតនូវទ្រឹស្ដីវិទ្យាសាស្ត្រ ការអនុវត្តជាក់ស្ដែង ក៏ដូចជាបទពិសោធន៍អន្តរជាតិ ដើម្បីដាក់ជូនរដ្ឋសភា រដ្ឋាភិបាលពិនិត្យមើល ចេញផ្សាយគោលនយោបាយ ដំណោះស្រាយផ្នែកហិរញ្ញវត្ថុ រូបីយ៍វត្ថុ សំដៅបម្រើតម្រូវការបង្ការទប់ស្កាត់ជម្ងឺរាតត្បាត ព្រមទាំងជួយទ្រទ្រង់ការងារស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើងវិញផងដែរ៕