ប្រវត្តិសាស្ត្រចងចាំជានិច្ចចំណងសាមគ្គីភាពអន្តរជាតិ វៀតណាម - កម្ពុជា
(VOVWORLD) - ថ្ងៃទី ៧ ខែមករាឆ្នាំ ២០២១នេះ ប្រជាជនកម្ពុជាបានអបអរថ្ងៃគម្រប់ខួប ៤២ឆ្នាំ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ (៧ មករា ១៩៧៩- ៧ មករា ២០២១)។
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ AFP/TTXVN) |
នៅក្នុងសារជូនចំពោះប្រជាជនកម្ពុជា នៅថ្ងៃទី ៧ ខែមករា សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា “នៅក្នុងស្មារតីរបស់យើងទាំងអស់គ្នានឹងចងចាំជារៀងរហូត នូវកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានប្រយុទ្ធ ធ្វើពលីកម្មយ៉ាងអង់អាច ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍និងរាំងស្កាត់មិនឲ្យរបបអប្រិយនេះអាចវិលត្រ ឡប់មកវិញ”។
ជាមួយគ្នានោះ វិទ្យុនិងទូរទស្សន៍អប្សរារបស់កម្ពុជា បានចុះផ្សាយនូវបទយកការណ៍ស្តីពីអត្ថន័យជាប្រវត្តិសាស្ត្រនៃថ្ងៃទី ៧ មករា ដោយសង្កត់ធ្ងន់ថា៖ ក្នុងគ្រាឈរនៅចំពោះមុខគ្រោះប្រល័យពូជសាសន៍ កងទ័ពនិងប្រជាជនកម្ពុជាទទួលបានការជួយឧបត្ថម្ភពីប្រទេសជាច្រើន ជុំវិញពិភពលោក។ ជាពិសេសការជួយឧបត្ថម្ភទាន់ពេលវេលា ពីកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានផ្តូលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត នាំមកនូវជ័យជំនះជាប្រវត្តិសាស្ត្រនៅថ្ងៃទី ៧ ខែមករាឆ្នាំ ១៩៧៩។
កាសែត Khmer Times មានអត្ថបទថា “ទំនាក់ទំនងជាមិត្តភាព កម្ពុជា-វៀតណាម និងវឌ្ឍភាព” ក្នុងនោះបានសរសេរថា៖ ជ័យជំនះថ្ងៃទី ៧ មករាឆ្នាំ ១៩៧៩ បានឈានចូលប្រវត្តិសាស្ត្រជាព្រឹត្តិការណ៍សំខាន់នៃសាមគ្គីភាពអន្តរជាតិ នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរវៀតណាម-កម្ពុជា នឹងបន្តអភិវឌ្ឍនិងឈានដល់កម្រិតខ្ពស់ថ្មីមួយ នាពេលអនាគតដ៏ខ្លីខាងមុខ។
នៅវៀតណាម នាព្រឹកថ្ងៃទី ៧ មករា សម្ព័ន្ធសមាគមអង្គការមិត្តភាពទីក្រុងហូជីមិញនិងអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងហូជីមិញបានបើកពិធីអបអរសាទរខួបលើកទី ៤២ឆ្នាំ នៃជ័យជំនះលើសង្គ្រាមព្រំដែនភាគនីរតី រួមជាមួយកងទ័ពនិងប្រជាជនកម្ពុជាបានយកឈ្នះលើរបបប្រល័យពូជសាសន៍នៅកម្ពុជា (៧ មករា ១៩៧៩ - ៧ មករា ២០២១)។ ថ្លែងក្នុងពិធីនោះ លោក សុខ ដារ៉េត អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញបានថ្លែងអំណរគុណ ចំពោះបក្ស រដ្ឋាភិបាល អតីតអ្នកជំនាញនិងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍។ ប្រជាជនកម្ពុជាមានមិត្តដ៏ល្អបំផុតគឺវៀតណាម នោះគឺជាភ័ស្តុតាងនិងការពិតប្រវត្តិសាស្ត្រដែលគ្មានកងកម្លាំងអមិត្ត ណា អាចមូលបង្ខូច ឬបដិសេធបានឡើយ៕