ប្រេស៊ីលនឹងចូលរួមជាមួយ OPEC+ នៅឆ្នាំ២០២៤; រុស្ស៊ី និងអារ៉ាប៊ីសាអូឌីតបន្តកាត់បន្ថយទិន្នផលប្រេង
(VOVWORLD) - នាថ្ងៃទី ៣០ ខែវិច្ឆិកា អង្គការនៃប្រទេសនាំចេញប្រេង (OPEC) បានប្រកាសថា ប្រេស៊ីលនឹងចូលរួមសម្ព័ន្ធភាពរវាងប្លុកនេះនិងដៃគូរបស់ខ្លួនដែលត្រូវបានគេស្គាល់ថាជា OPEC + នៅដើមឆ្នាំ ២០២៤។
OPEC សង្ឃឹមថា ការចូលរួមជាសមាជិក OPEC+ របស់ប្រេស៊ីល នឹងជួយពង្រឹងឥទ្ធិពល និងឋានៈរបស់ប្លុកនៅលើទីផ្សារប្រេងពិភពលោក។ បច្ចុប្បន្ន ប្រេស៊ីលគឺជាប្រទេសផលិតប្រេងធំជាងគេនៅអាមេរិកខាងត្បូង និងស្ថិតក្នុងចំណោមប្រទេសផលិតប្រេងឆៅកំពូលទាំង ១០ នៅលើពិភពលោក។
រោងចក្រចម្រាញ់ប្រេងមួយ នៅ Araucaria រដ្ឋ Paraná របស់ប្រេស៊ីល។ រូបថត៖ GAZETA DO POVO/TTXVN |
នៅក្នុងការវិវត្តន៍មួយនាថ្ងៃដដែលនោះ រុស្ស៊ីបានប្រកាសថា ខ្លួននឹងបង្កើនកម្រិតនៃការកាត់បន្ថយទិន្នផលប្រេងដោយស្ម័គ្រចិត្តរហូតដល់ ៥០០.០០០បារ៉ែល/ថ្ងៃ ហើយនឹងបន្តរហូតដល់ចុងត្រីមាសទី ១ នៃឆ្នាំ ២០២៤ដោយហេតុផល "រក្សាស្ថិរភាព និងតុល្យភាពទីផ្សារប្រេងរ៉ែ”។
ក្នុងពេលជាមួយគ្នានោះ អារ៉ាប៊ីសាអូឌីតក៏បានប្រកាសនឹងបន្តកាត់បន្ថយទិន្នផលប្រេងដោយស្ម័គ្រចិត្តចំនួន ១លានបារ៉ែលក្នុងមួយថ្ងៃ "រហូតដល់ចុងត្រីមាសទីមួយនៃឆ្នាំ ២០២៤"។ ទីក្រុងរីយ៉ាដបានអនុវត្តផែនការកាត់បន្ថយទិន្នផលប្រេងខាងលើ ចាប់តាំងពីខែកក្កដាឆ្នាំនេះ។
សេចក្តីសម្រេចទាំងនេះ ត្រូវបានប្រកាសបន្ទាប់ពីសន្និសីទថ្នាក់រដ្ឋមន្ត្រីតាមអ៊ីនធឺណែតរបស់អង្គការនៃប្រទេសនាំចេញប្រេង និងដៃគូ (OPEC+) នៅថ្ងៃទី ៣០ ខែវិច្ឆិកា៕