បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកទទួលបន្ទុកអាកាសធាតុ លោក John Kerry នឹងមកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលឆាប់ៗនេះ

(VOVWORLD) - លោក John Kerry នឹងជួបជាមួយមន្ត្រីរដ្ឋាភិបាល និងអ្នកដឹកនាំធុរកិច្ច ដើម្បីឈានដល់ការឯកភាពគ្នាលើសកម្មភាពសំខាន់ៗ ក្នុងគោលបំណង ឆ្លើយតបទៅនឹងវិបត្តិអាកាសធាតុ ព្រមទាំងពន្លឿនការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចថាមពលស្អាត។

យោងតាមព័ត៌មានពីក្រសួងការបរទេសអាមេរិក បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកទទួលបន្ទុកអាកាសធាតុលោក John Kerry នឹងមកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៦ ខែកញ្ញា។ លោក John Kerry នឹងជួបជាមួយមន្ត្រីរដ្ឋាភិបាល និងអ្នកដឹកនាំធុរកិច្ច ដើម្បីឈានដល់ការឯកភាពគ្នាលើសកម្មភាពសំខាន់ៗ ក្នុងគោលបំណង ឆ្លើយតបទៅនឹងវិបត្តិអាកាសធាតុ ព្រមទាំងពន្លឿនការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចថាមពលស្អាត។

មុននោះ លោក Kerry បានទៅបំពេញទស្សនកិច្ចនៅប្រទេសក្រិកនៅថ្ងៃទី ២៨ និង ២៩ខែសីហា ដើម្បីពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលក្រិកស្តីពីកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការបំភាយឧស្ម័នសកលលោក, ការបំបែកជាតិកាបូនក្នុងការដឹកជញ្ជូនតាមនាវាសមុទ្រ និងបន្តសន្ទុះនៃ "សន្និសីទមហាសមុទ្ររបស់យើង"។ លោក Kerry ក៏នឹងទៅបំពេញទស្សនកិច្ចនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី ៣០ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាកាសធាតុ និងបរិស្ថាន G២០ ជាកន្លែងដែលលោកនឹងជួបជាមួយមន្ត្រីរដ្ឋាភិបាលដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងគូសបញ្ជាក់ពីផលប៉ះពាល់អាកាសធាតុជាវិជ្ជមាននៃក្រមច្បាប់កាត់បន្ថយអតិផរណារបស់សហរដ្ឋអាមេរិក។          ដំណើរទស្សនកិច្ចរបស់លោក Kerry នឹងក្លាយជាឱកាសមួយសម្រាប់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអាកាសធាតុ នៅមុនសន្និសីទលើកទី ២៧  នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៧) នៅប្រទេសអេហ្ស៊ីប ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ