បេសកជន​អារ៉ាប៊ីសាអូឌីត និង​អូម៉ង់​ ធ្វើ​ការ​ចរចា​ជាមួយ​មេដឹកនាំ​​ក្រុម​ Houthi នៅ​យេម៉ែន

(VOVWORLD) - គណៈប្រតិភូមកពីអារ៉ាប៊ីសាអូឌីតនិងប្រទេសអូម៉ង់ នៅថ្ងៃពុធ ទី៩ ខែមេសានេះ បានជួបពិភាក្សាជាមួយមេដឹកនាំក្រុម Houthi នៅក្នុងរដ្ឋធានី Sanaa ប្រទេសយេម៉ែន ក្នុងបរិបទដែលអារ៉ាប៊ីសាអូឌីតស្វែងរកបទឈប់បាញ់ជាអចិន្ត្រៃយ៍ដើម្បីបញ្ចប់អន្តរាគមន៍យោធារបស់អារ៉ាប៊ីសាអូឌីតក្នុងជម្លោះដែលកំពុងអូសបន្លាយនៅប្រទេសយេម៉ែន។
បេសកជន​អារ៉ាប៊ីសាអូឌីត និង​អូម៉ង់​ ធ្វើ​ការ​ចរចា​ជាមួយ​មេដឹកនាំ​​ក្រុម​ Houthi នៅ​យេម៉ែន - ảnh 1មេដឹកនាំក្រុម Houthi ជួបពិភាក្សាជាមួយគណៈប្រតិភូមកពីអារ៉ាប៊ីសាអូឌីត និងអូម៉ង់ នៅថ្ងៃពុធ ទី៩ ខែមេសា។ (រូបថតត៖ AFP/TTXVN)

យោងតាមទីភ្នាក់ងារសារព័ត៌មាន SABA ដែលគ្រប់គ្រងដោយក្រុម Houthi បេសកជនពិសេសពីររូបមកពីអារ៉ាប៊ីសាអូឌីត និងអូម៉ង់បានជួបជាមួយប្រធានក្រុមប្រឹក្សានយោបាយកំពូល Houthi លោក Mahdi al-Mashat នៅរដ្ឋធានី Sanaa។ លោក Mahdi al-Mashat បានលើកច្បាស់ថា គោលជំហររបស់ក្រុម Houthi គឺស្វែងរកសន្តិភាពយូរអង្វែង ឯករាជ្យភាពនិងសេរីភាព តាមឆន្ទៈរបស់ប្រជាជន។ SABA ឲ្យដឹងថា ភាគីទាំងពីរនឹងចរចាដើម្បីបញ្ចប់អរិភាព និងលុបចោលការហ៊ុំព័ទ្ធកំពង់ផែសមុទ្ររបស់យេម៉ែន។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មានអង់គ្លេស Reuters បានឲ្យដឹងថា ការចរចារវាងអារ៉ាប៊ីសាអូឌីត និងក្រុម Houthi ផ្តោតលើការបើកទ្វាកំពុងផែសមុទ្រ និងអាកាសយានដ្ឋាន Sanaa យ៉ាងពេញលេញ ដែលគ្រប់គ្រងដោយក្រុម Houthi បង់ប្រាក់ខែឱ្យមន្ត្រីរាជការ និងកសាងប្រទេសឡើងវិញនិងកំណត់ផែនការសម្រាប់កងកម្លាំងបរទេសចាកចេញពីប្រទេសយេម៉ែន។

ប្រទេសយេម៉ែនស្ថិតក្នុងអស្ថេរភាពចាប់តាំងពីឆ្នាំ២០១៤មក នៅពេលដែលកងកម្លាំង Houthi ដណ្តើមបានរដ្ឋធានី Sanaa ខេត្តក្រុងភាគច្រើននៅភាគខាងជើងប្រទេសនេះ។ ក្នុងឆ្នាំ ២០១៥ សម្ព័ន្ធអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានធ្វើអន្តរាគមន៍ដើម្បីស្តារឡើងវិញនូវអំណាចដល់រដ្ឋាភិបាលដែលអន្តរជាតិបានទទួលស្គាល់នៅក្នុងប្រទេសយេម៉ែន។ ដំណើរទស្សនកិច្ចរបស់តំណាងអារ៉ាប៊ីសាអូឌីត និងអូម៉ង់ទៅកាន់ប្រទេសយេម៉ែនដើម្បីចរចាជាមួយមេដឹកនាំក្រុម Houthi បានបង្ហាញពីវឌ្ឍនភាពនៃការពិគ្រោះយោបល់របស់ទីក្រុងរីយ៉ាដ និង Sanaa ក្រោមការសម្របសម្រួលរបស់អូម៉ង់ ដើរទន្ទឹមជាមួយកិច្ចខិតខំប្រឹងប្រែងសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ