ប៉ូឡូញ អ៊ុយក្រែន និង អាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីការដឹកជញ្ជូនឧស្ម័ន
(VOVWORLD) - នាថ្ងៃទី ៣១ ខែសីហា នៅរដ្ឋធានី Warszawa នៃប្រទេសប៉ូឡូញ ប្រទេសចំនួន ៣ រួមមាន ប៉ូឡូញ អ៊ុយក្រែន និងអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការដឹកជញ្ជូនឧស្ម័ន។
អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខានេះមានវត្តមានរបស់មន្ត្រីរដ្ឋាភិបាលប៉ូឡូញទទួលបន្ទុកផ្នែកហេដ្ឋារចនាសម្ព័ន្ធថាមពល លោក Piotr Naimski លេខាធិការសន្តិសុខជាតិអ៊ុយក្រែនលោក Oleksandr Danylyuk និងរដ្ឋមន្រ្តីថាមពលអាមេរិកលោក Rick Perry ។ តំណាងនៃប្រទេសទាំង ៣ នេះបានឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងមួយ ដើម្បីធានាការផ្គត់ផ្គង់ថាមពលឧស្ម័ន ធម្មជាតិរាវពីអាមេរិក ដោយផ្អែកលើហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសប៉ូឡូញនិងអ៊ុយក្រែនផងដែរ។ ប៉ូឡូញបានឲ្យដឹងថាអាចដឹកជញ្ជូនឧស្ម័នបាន ៦ ពាន់លានម៉ែត្រគូប ក្នុងមួយឆ្នាំ ទៅកាន់ប្រទេសអ៊ុយក្រែន ដែលនឹងចាប់ផ្តើមនៅឆ្នាំ ២០២១ ខាងមុខនេះ។ ប៉ូឡូញក៏បានដាស់តឿនអ៊ុយក្រែនពន្លឿនអនុវត្តគម្រោងសាងសង់ប្រព័ន្ធបំពង់បង្ហូរឧស្ម័នដែលតភ្ជាប់រវាងប្រទេសទាំអពីរដោយមានប្រវែង ១១០ គីឡូម៉ែត្រផងដែរ ៕