ផ្តោតការយកចិត្តទុកដាក់ឲ្យបានត្រឹមត្រូវដល់វិស័យអប់រំ ដើម្បីបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ
(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ សីហា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទបូកសរុបឆ្នាំសិក្សា ២០២៣- ២០២៤ និងដាក់ពង្រាយភារកិច្ចសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ដោយក្រសួងអប់រំ និងបណ្តុះបណ្តាលរៀបចំឡើង តាមប្រព័ន្ធអនឡាញតភ្ជាប់បណ្តាញពីទីក្រុងហាណូយ ជាមួយខេត្តក្រុងទាំង ៦៣ ទូទាំងប្រទេស។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ VOV) |
ក្នុងឆ្នាំសិក្សា ២០២៣ - ២០២៤ វិស័យអប់រំទាំងមូលបានខិតខំប្រឹងប្រែងជំនះរាល់ការលំបាក និងបញ្ហាប្រឈម ផ្តោតលើការអនុវត្តការងារដែលបានប្រគល់ជូនប្រកបដោយប្រសិទ្ធភាព និងសម្រេចបានលទ្ធផលជាច្រើន។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ឆ្នាំសិក្សា ២០២៤ - ២០២៥ បញ្ចប់អាណត្តិអនុវត្តសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតបក្សលើកទី ១៣។ លោកនាយករដ្ឋមន្ត្រី បានស្នើដល់ក្រសួងអប់រំ និងបណ្តុះបណ្តាល ក្រសួង ស្ថាប័ននិងមូលដ្ឋាននានា តាមតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ខ្លួន ផ្តោតលើការអនុវត្ត និងរៀបចំឲ្យបានល្អបំផុត ពិធីបើកបវេសនការឆ្នាំសិក្សាថ្មីនៅថ្ងៃទី៥ ខែកញ្ញាខាងមុខ។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការអប់រំ និងការបណ្តុះបណ្តាលត្រូវទទួលបានការយកចិត្តទុកដាក់ត្រឹមត្រូវ ដើម្បីបង្កើតការលើកទឹកចិត្ត សម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យបានឆាប់រហ័ស និងប្រកបដោយនិរន្តរភាព នាំមកនូវសេចក្តីសុខ សេចក្តីចម្រើនដល់ប្រជាជនគ្រប់រូប។
“ក្នុងឱកាសនៃឆ្នាំសិក្សាថ្មី ២០២៤-២០២៥ ខ្ញុំសូមជូនពរដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូទាំងអស់ តែងតែលើកកំពស់ស្មារតីទទួលខុសត្រូវ និងចំណង់ចំណូលចិត្តចំពោះវិជ្ជាជីវៈរបស់ខ្លួន ជំនះរាល់ការលំបាក និងជំនះគ្រប់ឧបសគ្គ។ ទន្ទឹមជាមួយគ្នានោះ ប្រកាន់ខ្ជាប់នូវគោលដៅនៃការច្នៃប្រឌិតជាមូលដ្ឋាន និងទូលំទូលាយក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល ដើម្បីបំពេញតាមការរំពឹងទុករបស់បក្ស រដ្ឋ និងប្រជាជន”។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី៕