ផ្នែកទេសចរណ៍ត្រៀមផែនការសាកល្បងការប្រើប្រាស់ “លិខិតឆ្លងដែនវ៉ាក់សាំង” ចំពោះភ្ញៀវអន្តរជាតិ
(VOVWORLD) - នាពេលថ្មីៗនេះ ការិយាល័យនយោបាយមានយោបល់សន្និដ្ឋានថា “ស្រាវជ្រាវការប្រើប្រាស់ជាសាកល្បងនូវលិខិតឆ្លងដែនវ៉ាក់សាំងចំពោះភ្ញៀវអន្តរជាតិមកដល់មជ្ឈមណ្ឌលទេសចរណ៍មួយចំនួនដែលមានសមត្ថភាពគ្រប់គ្រងបានជម្ងឺរាតត្បាតដូចជាកោះ Phu Quoc (ខេត្ត Kien Giang)”។
ភ្ញៀវទេសចរនៅកោះ Phu Quoc ខេត្ត Kien Giang។ (រូបថត៖ VOV) |
នាពេលថ្មីៗនេះ ការិយាល័យនយោបាយមានយោបល់សន្និដ្ឋានអំពីការ “ស្រាវជ្រាវសាកល្បងការប្រើប្រាស់លិខិតឆ្លងដែនវ៉ាក់សាំងចំពោះភ្ញៀវអន្តរជាតិមកដល់មជ្ឈមណ្ឌលទេសចរណ៍មួយចំនួនដែលមានសមត្ថភាពគ្រប់គ្រងបានជម្ងឺរាតត្បាតដូចជាកោះ Phu Quoc (ខេត្ត Kien Giang)”។ នេះជាឱកាសដើម្បីទីផ្សារទេសចរណ៍អន្តរជាតិស្ដារឡើងវិញជាបណ្ដើរៗ ក្រោយពីត្រូវផ្អាកដំណើការក្នុងអំឡុងពេលជាង១ឆ្នាំកន្លងមក ដោយសារជម្ងឺរាតត្បាតកូវីដ ១៩។ ប៉ុន្តែ ប្រការនេះក៏បានដាក់ចេញតម្រូវការដ៏ខ្ពស់សម្រាប់ការធានាសុវត្ថិភាព និងការបំពេញបទបញ្ញត្តិបង្ការប្រឆាំងជម្ងឺរាតត្បាតផងដែរ។
និយាយជាមួយអ្នកសារព័ត៌មាននៃវិទ្យុសម្លេងវៀតណាម លោក Hoang Quoc Hoa នាយករងនៃមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ (អគ្គនាយកដ្ឋានទេសចរណ៍) បានឲ្យដឹងថា នាពេលកន្លងទៅ មជ្ឈមណ្ឌលបានសហការជាមួយអង្គភាពពាក់ព័ន្ធនានា ស្រាវជ្រាវកសាងប្រព័ន្ធ “បញ្ជាក់ការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩” (នៅអាស័យដ្ឋាន៖ travelpass.tourism.vn) ដើម្បីបម្រើការទទួលភ្ញៀវនៅពេលប្រតិបត្តិការទេសចរណ៍ត្រូវបានបើកឡើងវិញ។ វាជាគោលការណ៍ហើយដែលភ្ញៀវទេសចរអន្តរជាតិមុនពេលចូលមកវៀតណាមត្រូវតែបង្ហាញភស្តុតាងថា គេត្រូវបានចាក់វ៉ាក់សាំងបង្ការកូវីដ ១៩។ នាបច្ចុប្បន្ន ប្រព័ន្ធ “បញ្ជាក់ការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩” ត្រូវបានត្រៀមជាស្រេច ហើយធានាប្រតិបត្តិការដោយស្ថិរភាព។
ក្រៅពីនោះ ចាប់តាំងពីខែតុលាឆ្នាំ២០២០ អគ្គនាយកដ្ឋានទេសចរណ៍ក៏បានបង្ហាញមុខកម្មវិធីចល័ត “ទេសចរណ៍វៀតណាម សុវត្ថិភាព” សំដៅធ្វើបច្ចុប្បន្នកម្មព័ត៌មានអំពីកម្រិតសុវត្ថិភាពចំពោះ កូវីដ ១៩ នៅតាមខេត្តក្រុងលើទូទាំងប្រទេស។ នាពេលខាងមុខ ប្រព័ន្ធបញ្ជាក់ការចាក់វ៉ាក់សាំងនឹងត្រូវបានរួមបញ្ចូលក្នុងកម្មវិធីនេះដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ភ្ញៀវទេសចរនៅពេលមកដល់វៀតណាម។
នៅពេលចូលមកវៀតណាម ភ្ញៀវទេសចរត្រូវធានាតម្រូវការមួយចំនួនដូចជា៖ មានឯកសារអំពីការចាក់វ៉ាក់សាំងដែលត្រូវបានបញ្ជាក់ដោយស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមតាមប្រព័ន្ធ “បញ្ជាក់ការចាក់វ៉ាក់សាំង” ព្រមទាំងក្នុងអំឡុងពេលស្នាក់នៅវៀតណាម ភ្ញៀវទេសចរត្រូវការប្រើប្រាស់កម្មវិធី “ទេសចរណ៍វៀតណាមសុវត្ថិភាព” ដើម្បី check-in នៅតាមកន្លែងទេសចរណ៍និង មូលដ្ឋានផ្គត់ផ្គង់សេវាទេសចរណ៍ដែលពួកគេឆ្លងកាត់៕