ផ្លាស់ប្តូរទំនាក់ទំនងពាណិជ្ជកម្មសុទ្ធ វៀតណាម - បេឡារុស្សទៅបង្កើតសម្ព័ន្ធអាជីវកម្ម ផលិតកម្មឧស្សាហកម្មវិញ
(VOVWORLD) - នារសៀលថ្ងៃទី ២៥ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីសាធារណរដ្ឋបេឡារុស្ស លោក Igor Lyashenko ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីសាធារណរដ្ឋបេឡារុស្ស លោក Igor Lyashenko (រូបថតៈ TTXVN) |
នៅទីនេះ ឧបនាយករដ្ឋមន្រ្តី លោក Igor Lyashenko បានជម្រាបថា នាថ្ងៃទី ២៦ ខែកញ្ញានៅទីក្រុង Hung Yen (ភាគខាងជើងវៀតណាម) បេឡារុស្សនិងវៀតណាមនឹងបើករោងចក្រផលិតរថយនដឹកទំនិញហើយ ព្រមទាំងបានអោយដឹងថា បេឡា រុស្សក៏នឹងអនុវត្តគម្រោងសម្ព័ន្ធអាជីវកម្មផលិតឡានក្រុង ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រទេសវៀតណាមជាពិសេសទីក្រុងហាណូយតែម្តង។ ឧបនាយករដ្ឋមន្រ្តីបេឡា រុស្ស លោក Igor Lyashenko បានមានប្រសាសន៍ថា ទំនាក់ទំនងវៀតណាម - បេឡា រុស្សគួរតែផ្លាស់ប្តូរពីពាណិជ្ជកម្មសុទ្ធទៅការបង្កើតសម្ព័ន្ធអាជីវកម្មផលិតកម្មឧស្សា ហកម្មដើម្បីបម្រើសេចក្តីត្រូវការរបស់ភាគីទាំងពីរ។ យ៉ាងណាមិញ ប្រទេសបេឡារុស្សមានរោងចក្រផលិតសំបកកង់រថយន្តធំមួយ ដោយប្រើប្រាស់វត្ថុធាតុដើមកៅស៊ូធម្មជាតិដ៏ច្រើនរបស់ប្រទេសវៀតណាម។ ហេតុដូច្នេះ លោករូបនេះ បានស្នើឱ្យភាគីទាំងពីរ បង្កើតសម្ព័ន្ធអាជីវកម្ម ដើម្បីផលិតសំបកកង់រថយន្តនៅបេឡារុស្សដោយប្រើប្រាស់វត្ថុធាតុដើមកៅស៊ូរបស់វៀតណាម សម្រាប់ប្រើប្រាស់នៅក្នុងទីផ្សារនៃបណ្តាប្រទេសនៃសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប។ លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យបង្កើតសម្ព័ន្ធអាជីវកម្មដើម្បីផលិតជីប៉ូតាស្យូមនៅប្រទេសវៀតណាម។
អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើការដែល ឧបនាយករដ្ឋមន្ត្រីបេឡារុស្ស លោក Igor Lyashenko បានចូលរួមនិងកាត់ខ្សែបូសម្ពោធរោងចក្រសម្ព័ន្ធភាពផលិតរថយន្តដឹកទំនិញ MAZ នៅវៀត ណាម ដែលជាសកម្មភាពបង្ហាញពីការយកចិត្តទុកដាក់ពិសេសរបស់រដ្ឋាភិបាលបេឡារុស្ស ចំពោះបណ្តាគម្រោងសេដ្ឋកិច្ចទ្វេភាគីជាមួយវៀតណាម។ លោកនាយករដ្ឋមន្រ្តីក៏បានមានប្រសាសន៍ថា វិស័យផលិតរថយន្តត្រូវបានរដ្ឋាភិបាលវៀតណាម ផ្តោតការយកចិត្តទុកដាក់ពិសេស ហេតុដូច្នេះ កិច្ចសហប្រតិបត្តិការផលិតរថយន្ត ដឹកទំនិញរវាងប្រទេសទាំងពីរមានយថាទស្សន៍ជោគជ័យខ្ពស់ណាស់។ លោកនាយករដ្ឋមន្រ្តីរំពឹងថា សម្ព័ន្ធអាជីវកម្មនេះនឹងបង្កើនអត្រាធ្វើមូលដ្ឋាននីយកម្មដល់ ៥០% ដោយសង្ឃឹមថា ភាគីបេឡារុស្សនឹងសិក្សាបង្កើតសម្ព័ន្ធអាជីវកម្មជាមួយវៀតណាមដើម្បីផលិតសំបកកង់រថយន្តយ៉ាងឆាប់ៗ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការក្នុងដំណើរការកែច្នៃរ៉ែផងដែរ។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើឱ្យភាគីទាំងពីរ បង្កើនការផ្លាស់ប្តូរផលិតផលរឹងមាំនិងជាក់ស្តែងដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី៕