ពង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិខាងសន្តិសុខដែនសមុទ្រ
(VOVWORLD) - បន្ទាប់ពី ២ថ្ងៃដែលប្រព្រឹត្តទៅ សិក្ខាសាលានៃវេទិកាតំបន់អាស៊ានលើកទី ២ (ARF) ស្តីពីការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982) និងឯកសារច្បាប់អន្តរជាតិដទៃទៀតក្នុងការទប់ទល់ទៅនឹងបញ្ហាប្រឈមនានា បានបិទបញ្ចប់ដោយជោគជ័យនារសៀលថ្ងៃទី ១៤ វិច្ឆិកានៅទីក្រុងហាណូយ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយប្រទេសវៀតណាម សហការជាមួយកាណាដានិងសហភាពអឺរ៉ុប ក្នុងក្របខ័ណ្ឌក្រុមការងារនៅពាក់កណ្តាលអាណត្តិ ARF ស្តីពីសន្តិសុខសមុទ្រ។
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ vovworld.vn) |
ក្នុងសិក្ខាសាលានេះ តំណាងទាំងឡាយបានបន្តសង្កត់ធ្ងន់លើតួនាទីសំខាន់ៗរបស់ UNCLOS ឆ្នាំ១៩៨២ ក្នុងការគ្រប់គ្រងសកម្មភាពរបស់បណ្តាប្រទេសសមាជិកនៅលើសមុទ្រអស់រយៈពេល ២៥ ឆ្នាំកន្លងមក។ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅវៀតណាម លោក Giorgio Aliberti បានអះអាងថា៖
«សហភាពអឺរ៉ុបប្តេជ្ញាអំពីកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយតំបន់អាស៊ី ព្រមទាំងបន្តការពារនូវគោលការណ៍សំខាន់ៗដែលបានចែងនៅក្នុងយុទ្ធសាស្ត្រសកលលោក របស់សហភាពអឺរ៉ុប ដែលក្នុងនោះលើកតំកើងតួនាទីនៃកិច្ចសហប្រតិបត្តិការពហុភាគី ការដោះស្រាយវិវាទដោយសន្តិវិធី និងរក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់របស់ អ.ស.ប។ បញ្ហាប្រឈមផ្នែកសន្តិសុខលើដែនសមុទ្រក្នុងតំបន់ កំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស រួមមាន ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ឬការរិចរិលបរិស្ថាន។ ដើម្បីប្រឈមនឹងបញ្ហាទាំងនេះត្រូវតែផ្អែកលើក្របខ័ណ្ឌច្បាប់ដែលមានស្រាប់ហើយយក UNCLOS ជាស្នូលផងដែរ ៕»