ពង្រីកទំហំពាណិជ្ជកម្មវៀតណាម-ចិន តាមទិសដៅប្រកបដោយនិរន្តរភាព និងតុល្យភាពជាង
(VOVWORLD) - នារសៀលថ្ងៃទី ២៥ វិច្ឆិកា នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទទួលជួបលោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន និងគណៈប្រតិភូក្រសួងពាណិជ្ជកម្មចិន ក្នុងឱកាសមកបំពេញទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មវៀតណាម-ចិនលើកទី ១២ នៅវៀតណាម។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន Wang Wentao (រូបថត៖ VGP/Nhat Bac) |
នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងនូវសារៈសំខាន់នៃទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាង វៀតណាមនិងចិន ក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម ហើយសម្តែងនូវក្តីរីករាយចំពោះសន្ទុះអភិវឌ្ឍន៍ដ៏ល្អប្រសសើរនៃទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការបន្តអនុវត្តន៍ជាក់ស្តែងការយល់ដឹងរួមរវាងអគ្គលេខាបក្សវៀតណាម លោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping ក្នុងការធ្វើឲ្យប្រសើរឡើង នូវទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ ឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី។
នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ រួមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម; ដាក់ពង្រាយវិធានការជាក់ស្តែង ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីក្នុងទិសដៅកាន់តែមាននិរន្តរភាព និងតុល្យភាព...។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីទាំងពីរសម្របសម្រួល ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបំពេញបែបបទគយ និងលើកកម្ពស់ការបំពេញបែបបទគយតាមប្រព័ន្ធអេឡិចត្រូនិកនៅច្រកព្រំដែន; អភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្មព្រំដែន; សាកល្បងការកសាងតំបន់សហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន; ផ្តោតលើការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក និងសម្របសម្រួលដើម្បីដោះស្រាយបញ្ហាទាំងស្រុងនៅក្នុងគម្រោងកិច្ចសហប្រតិបត្តិការមួយចំនួនក្នុងស្មារតីនៃ "អត្ថប្រយោជន៍សុខដុមរមនា ហានិភ័យរួមគ្នាចែករំលែក"។
រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Wang Wentao បានអះអាងថា វៀតណាមជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់ចិន។ ក្រសួងពាណិជ្ជកម្មចិននឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងក្រសួង សាខា និងមូលដ្ឋានរបស់វៀតណាម ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពការយល់ដឹង និងកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគី និងប្រទេសទាំងពីរ តាមនោះ បន្តធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកាន់តែស៊ីជម្រៅ៕