ពង្រីកនិងផ្សព្វផ្សាយតម្លៃធម្មជាតិរបស់ Lang Co - ឈូងសមុទ្រដ៏ស្រស់ស្អាតរបស់ពិភពលោក
(VOVWORLD) - កម្មវិធីសិល្បៈរំលឹកខួបអនុស្សាវរីយ៍ "Lang Co - ឈូងសមុទ្រដ៏ស្រស់ស្អាតរបស់ពិភពលោក - ១៥ ឆ្នាំនៃការកសាងនិងអភិវឌ្ឍន៍" បានប្រព្រឹត្តទៅកាលពីយប់ថ្ងៃទី ១១ ខែឧសភា នៅទីរួមស្រុក Lang Co ស្រុក Phu Loc ខេត្ត Thua Thien - Hue។
ថ្លែងមតិនៅពិធីនេះ លោក Nguyen Thanh Binh អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue បានអះអាងថា ក្នុងរយៈពេល ១៥ ឆ្នាំកន្លងទៅ Lang Co មានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ដោយបានទាក់ទាញភ្ញៀវទេសចរជាច្រើន; ក្លាយជាគោលដៅដ៏ពេញនិយមសម្រាប់វិនិយោគិនសេវាកម្មទេសចរណ៍ក្នុងស្រុកនិងអន្តរជាតិ ដែលបាននិងកំពុងអនុវត្តន៍គម្រោងធំៗជាច្រើន។ បច្ចុប្បន្ន ខេត្ត Thua Thien - Hue កំពុងផ្តោតការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដោយឈរលើមូលដ្ឋាននៃការបន្តការពារ និងថែរក្សាតម្លៃធម្មជាតិ និងបរិស្ថាននៃសមុទ្រ Lang Co ដោយគួបផ្សំជាមួយនឹងការវិនិយោគអភិវឌ្ឍ ពង្រីកតម្លៃឆ្នេរសមុទ្រ Lang Co ដ៏ស្រស់ស្អាត ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
លោក Nguyen Thanh Binh អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue ។ រូបថត៖ dangcongsan.vn |
សកម្មភាពអបអរសាទរខួប ១៥ឆ្នាំ ដែល Lang Co ត្រូវបានទទួលស្គាល់ថាជាឈូងសមុទ្រដ៏ស្រស់ស្អាតរបស់ពិភពលោក បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែឧសភា ដោយមានព្រឹត្តិការណ៍ជាច្រើនដ៏ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ក្នុងតំបន់ដូចជា៖ ការសម្តែងសិល្បៈ ការសម្តែងលោតឆ័ត្រយោង ការសម្តែងម៉ូដអាវផាយ ការបណ្ដែតប្រទីព ការតាំងពិព័រណ៍ម្ហូបអាហារ ជាដើម។
កម្មវិធីសិល្បៈក្នុងពិធីនេះ។ រូបថត៖ dangcongsan.vn |
ឈូងសមុទ្រ Lang Co គឺជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ស្អាតបំផុតមួយនៅវៀតណាម ជាមួយនឹងឆ្នេរងូតទឹកសមុទ្ររាបស្មើ ទឹកសមុទ្រខៀវស្រងាត់ ប្រព័ន្ធអេកូឡូស៊ីចម្រុះនិងសម្បូរបែប។ ឈូងសមុទ្រ Lang Co មាទីតាំងស្ថិតនៅចន្លោះទីក្រុង Hue និង Da Nang ស្ថិតនៅលើផ្លូវបេតិកភណ្ឌភូមិភាគកណ្តាល "Phong Nha - Ke Bang - អតីតរាជធានី Hue - ទីក្រុងបុរាណ Hoi An - តំបន់ដីពិសិដ្ឋ My Son" និងនៅលើច្រករបៀងសេដ្ឋកិច្ចខាងកើត - ខាងលិច៕