ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិវៀតណាម និងបែលហ្ស៊ិក

(VOVWORLD) - នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា នៅវិមានរដ្ឋសភា អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញទទួលជួបអនុប្រធានទី១ព្រឹទ្ធសភាបែលហ្ស៊ិកលោក Andries Gryffroy។
ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិវៀតណាម និងបែលហ្ស៊ិក - ảnh 1អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញទទួលជួបអនុប្រធានទី១ព្រឹទ្ធសភាបែលហ្ស៊ិកលោក Andries Gryffroy (រូបថត៖ quochoi.vn)

ក្នុងជំនួបនេះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានអះអាងថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយសហភាពអឺរ៉ុប (EU) ក្នុងនោះមានបែលហ្សិក។ លោក Tran Thanh Man បានអះអាងថា វៀតណាមជានិច្ចកាលអនុវត្តន៍ការសន្យារបស់ខ្លួនក្នុងកិច្ចព្រមព្រៀងនានាជាមួយ EU ព្រមទាំងមានគោលបំណងថា សមាជិកសភាបែលហ្ស៊ិកបន្តមានសំឡេងគាំទ្រសម្រាប់សភាបែលហ្ស៊ិក និងសភានៃបណ្ដាប្រទេសជាសមាជិក EU អនុម័តលើ កិច្ចព្រមព្រៀងគាំពារការវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA); បន្តជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម - EU (EVFTA) ជួយសម្រួលដល់ទំនិញ និងកសិផលរបស់វៀតណាមនាំចេញទៅកាន់ EU។ ទន្ទឹមនឹងនោះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាបានស្នើឲ្យភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការអនុវត្តយន្តការទ្វេភាគីប្រកបដោយប្រសិទ្ធភាព សម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី ព្រមទាំងសង្ឈឹមថា បែលហ្ស៊ិកនឹងគាំទ្រវៀតណាមចូលរួមគណៈកម្មាធិការបេតិកភណ្ឌពិភពលោក អាណត្តិ ២០២៣-២០២៧។

ជាការឆ្លើយតប អនុប្រធានទី ១ នៃព្រឹទ្ធសភាបែលហ្សិកលោក Andries Gryffroy បានយល់ស្របនឹងសំណើរបស់អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោក Tran Thanh Man។ លោកបានស្នើឲ្យភាគីទាំងពីរសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ សំដៅជំរុញកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្ដូរគណៈប្រតិភូរវាងស្ថាប័ននីតិបញ្ញត្តិរបស់ភាគីទាំងពីរ រួមចំណែកនាំទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ