ពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អ៊ីតាលី
(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ ខែកក្កដា នៅវិមានប្រធានាធិបតី នៅទីក្រុងរ៉ូម ប្រធានាធិបតីអ៊ីតាលី Sergio Mattarella បានធ្វើជាអធិបតីក្នុងពិធីទទួលស្វាគមន៍យ៉ាងឱឡារិកចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋវៀត ណាម លោក Vo Van Thuong នៅអ៊ីតាលី។
ប្រធានរដ្ឋ លោក Vo Van Thuong និងប្រធានាធិបតីនៃសាធារណរដ្ឋអ៊ីតាលី លោក Sergio Mattarella ក្នុងពិធីទទួលស្វាគមន៍ (រូបថត៖ Thong Nhat/TTXVN) |
ពិធីទទួលស្វាគមន៍ត្រូវបានប្រារព្ធឡើងជាមួយនឹងពិធីការពិសេស។ បន្ទាប់ពីពិធីទទួលស្វាគមន៍ លោកប្រធានាធិបតី Sergio Mattarella និងលោកប្រធានរដ្ឋ Vo Van Thuong បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរដំណើរការកិច្ចពិភាក្សា។
នៅក្នុងជំនួបពិភាក្សានោះ ថ្នាក់ដឹកនាំទាំងពីរបានជូនដំណឹងអំពីស្ថានភាពរបស់ប្រទេសនីមួយៗ ពិភាក្សាអំពីទិសដៅសម្រាប់វិធានការសំខាន់ៗ ដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អ៊ីតាលី ក៏ដូចជាពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។
ក្នុងវិស័យនយោបាយ និងការទូត ភាគីទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត និងបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រកប ដោយប្រសិទ្ធភាព។ លើវិស័យសេដ្ឋកិច្ច ប្រធានាធិបតីអ៊ីតាលីបានឯកភាពតាមសំណើរបស់ភាគីវៀតណាម លើការដែល ភាគីទាំងពីរបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA); សភាអ៊ីតាលី ផ្តល់សច្ចាប័នយ៉ាងឆាប់ៗ លើកិច្ចព្រមព្រៀងការពារការវិនិយោគរបស់សហភាពអឺរ៉ុប-វៀតណាម (EVIPA); គាំទ្រគណៈកម្មការអឺរ៉ុប (EC) ឆាប់ដក កាតលឿង IUU សម្រាប់ការនាំចេញគ្រឿងសមុទ្រពីវៀតណាម…។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពង្រឹងការផ្លាស់ប្តូររវាងប្រជាជនតាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ - បណ្តុះបណ្តាល វប្បធម៌ - សិល្បៈ ទេសចរណ៍ កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន កិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ ...។ ប្រធានរដ្ឋ លោក Vo Van Thuong បានស្នើឲ្យរដ្ឋាភិបាលអ៊ីតាលីបន្តយកចិត្តទុកដាក់និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមសម្របខ្លួន ប្រកប ដោយជោគជ័យក្នុងសង្គមប្រទេសសាមី។
ប្រធានរដ្ឋ លោក Vo Van Thuong និងប្រធានាធិបតីនៃសាធារណរដ្ឋអ៊ីតាលី លោក Sergio Mattarella ជួបពិភាក្សាគ្នាបន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច (រូបថត៖ Thong Nhat/TTXVN) |
ភាគីទាំងពីរបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ-ការពារជាតិ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា បន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី; កិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបទៅនឹងបញ្ហាសកល ដូចជាការប្រែប្រួលអាកាសធាតុ និងសន្តិសុខស្បៀង។
ក្នុងក្របខ័ណ្ឌនៃកិច្ចពិភាក្សា ប្រធានរដ្ឋ លោក Vo Van Thuong និងប្រធានាធិបតី Sergio Mattarella ក៏បានពិភាក្សាលើបញ្ហាអន្តរជាតិ និងតំបន់មួយចំនួន ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសអ៊ីតាលី និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន); កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហភាពអឺរ៉ុប; តំបន់ឥណ្ឌា-ប៉ាស៊ីហ្វិក។ អំពីបញ្ហាសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងពីរបានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍លើសមុទ្រខាងកើត; ដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ៕