ពង្រឹងទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រ វៀតណាម-នូវែលសេឡង់

(VOVWORLD) - នាថ្ងៃទី ១៤ ខែកញ្ញា នៅវិមានរដ្ឋសភានូវែលសេឡង់ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោកស្រី Nanaia Mahuta និងរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសវៀតណាម - នូវែលសេឡង់លើកដំបូង។ 
ពង្រឹងទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រ វៀតណាម-នូវែលសេឡង់ - ảnh 1ពិធីចុះហត្ថលេខាលើកម្មវិធីធ្វើសកម្មភាព អនុវត្តក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-នូវែលសេឡង់ ដំណាក់កាល ២០២១-២០២៤។ (ប្រភព៖ TTXVN)

រដ្ឋមន្ត្រីទាំងពីរបានឯកភាព បន្តពង្រឹងទំនាក់ទំនងនយោបាយគួរឲ្យជឿទុកចិត្ត; ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែមទៀត ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការសេដ្ឋកិច្ចដែលមានស្រាប់; អនុវត្តឲ្យបានល្អនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជំនាន់ថ្មី ដែលភាគីទាំងពីរជាសមាជិក។ រដ្ឋមន្ត្រីលោក Bui Thanh Son បានស្នើឲ្យនូវែលសេឡង់បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ផលិតផលកសិកម្មវៀតណាមនាំចេញទៅកាន់នូវែលសេឡង់ នៅចំពោះមុខគឺផ្លែក្រូចឆ្មារស្រស់ៗ ផ្លែក្រូចថ្លុង និងផ្លែមៀន; លោកសង្ឃឹមថា នូវែលសេឡង់នឹងបន្តជួយឧបត្ថម្ភ ODA សម្រាប់វៀតណាមលើវិស័យដូចជា កសិកម្មប្រកបដោយនិរន្តរភាព ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ សុខាភិបាល និងនវានុវត្តន៍។

ទាក់ទង់នឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ រដ្ឋមន្ត្រី Mahuta បានយល់ព្រម បន្តជួយគាំទ្រវៀតណាមក្នុងការបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងចែករំលែកបទពិសោធន៍ក្នុងការបង្ការ និងជួយសង្គ្រោះ គ្រោះមហន្តរាយ។

ភាគីទាំងពីរជឿជាក់ថា ចាំបាច់ត្រូវស្រាវជ្រាវ និងលើកកម្ពស់វិស័យដែលសមស្របទៅនឹងសក្ដានុពល តម្រូវការ និងគោលដៅរបស់ភាគីទាំងពីរ ដូចជាការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ កាត់បន្ថយការបំភាយឧស្ម័នតាមទិសដៅសម្រេចបានការសន្យាក្នុង COP-26; ការអភិរក្ស និងអភិវឌ្ឍន៍ព្រៃឈើ អភិវឌ្ឍន៍កសិកម្មប្រកបដោយនិរន្តរភាពនិងស្និទ្ធស្នាលជាមួយបរិស្ថាន កិច្ចសហប្រតិបត្តិការនេសាទ និងការការពារបរិស្ថានសមុទ្រ។

រដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នា បន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងអង្គការ និងវេទិកាពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ភាគីទាំងពីរបានចែករំលែកគោលជំហរលើការធានាសន្តិភាព ស្ថិរភាព សន្តិសុខ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ ដោយឈរលើគោលការណ៍នីតិរដ្ឋ ដោះស្រាយបញ្ហានានាក្នុងនោះមានសមុទ្រខាងកើត ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ គោរពអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ លោកស្រី Nanaia Mahuta បានបញ្ជាក់សារជាថ្មីថា នូវែលសេឡង់ យកចិត្តទុកដាក់ចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ដែលបានបង្កើតឡើងជាមួយអាស៊ាន ហើយនឹងជួយគាំទ្រយន្តការអនុតំបន់ រួមទាំងទន្លេមេគង្គផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ