ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងទួរគី
(VOVWORLD) - ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅទួរគី នារសៀលថ្ងៃទី ២៩ វិច្ឆិកា នៅរដ្ឋធានី Ankara នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបពិភាក្សាជាមួយប្រធានរដ្ឋសភាទួរគីលោក Numan Kurtulmus។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបសន្ទនាជាមួយប្រធានរដ្ឋសភាទួរគី Numan Kurtulmus (រូបថត៖ VOV) |
នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងនូវបំណងចង់ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយទួរគី លើបណ្តាញបក្ស រដ្ឋាភិបាល រដ្ឋសភា និងប្រជាជន តាមនោះ រួមចំណែកធ្វើឱ្យស៊ីជម្រៅជាងទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ។
ភាគីទាំងពីរបានពិភាក្សា និងឯកភាពលើវិធានការជាក់ស្តែងជាច្រើន ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួម និងរវាងរដ្ឋសភានៃប្រទេសទាំងពីរនិយាយដោយឡែក។ ទាក់ទិននឹងកិច្ចសហប្រតិបត្តិការសភា ភាគីទាំងពីរបានឯកភាព ពង្រឹងនិងពង្រីកក៏ដូចជា គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាសភាពហុភាគី ដូចជា៖ សហភាពអន្តរសភា (IPU) សភាអាស៊ី (APA); បង្កើនការត្រួតពិនិត្យ និងជំរុញរដ្ឋាភិបាលទាំងពីរអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងទ្វេភាគី។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន Hayat Holding Group (រូបថត៖ VGP/Nhat Bac) |
កាលពីម្សិលមិញផងដែរ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញជួបជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Hayat Holding Group និងថ្នាក់ដឹកនាំក្រុមហ៊ុនអាកាសចរណ៍ទួរគី។ នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Hayat Holding Group នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឲ្យក្រុមហ៊ុន Hayat Holding បន្តស្រាវជ្រាវការវិនិយោគ និងសហការជាមួយដៃគូដែលមានសក្តានុពល និងមានសមត្ថភាពមួយចំនួនរបស់វៀតណាម ហើយសង្ឃឹមថា សម្ព័ន្ធក្រុមហ៊ុននឹងដើរតួនាទីជាស្ពាននាំអ្នកវិនិយោគសក្តានុពលទាំងក្នុង និងក្រៅប្រទេសទួរគី មកបណ្តាក់ទុន និងធ្វើអាជីវកម្មនៅវៀតណាម។
ទទួលជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនអាកាសចរណ៍ទួរគី លោកនាយករដ្ឋមន្ត្រីបានស្នើថា ក្រុមហ៊ុនអាកាសចរណ៍ទួរគីបន្តជំរុញកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនអាកាសចរណ៍វៀតណាម និងក្រសួងស្ថាប័នពាក់ព័ន្ធនានារបស់វៀតណាម ដើម្បីផ្សព្វផ្សាយអំពីប្រទេស និងប្រជាជននៃប្រទេសទាំងពីរ តាមនោះ ជំរុញទេសចរណ៍ទៅវិញទៅមក បង្កើតលក្ខខណ្ឌអំណោយផលដើម្បីជំរុញសកម្មភាពទេសចរណ៍រវាងប្រទេសទាំងពីរដោយធានាការគោរពច្បាប់។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងលោកជំទាវភរិយា មន្ត្រី រួមទាំងកម្មាភិបាលនៃស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមនៅទួរគី (រូបថត៖ VGP/Nhat Bac) |
អញ្ជើញទៅសួរសុខទុក្ខកម្មាភិបាលនៃស្ថានទូត និងសហគមន៍ជនវៀតណាមនៅទួរគី នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា “ជនវៀតណាមនៅក្រៅប្រទេសគឺជាផ្នែកមួយមិនអាចកាត់ផ្តាច់បាន និងជាប្រភពកម្លាំងរបស់ សហគមន៍ប្រជាជាតិវៀតណាម”។ យ៉ាងណាមិញ បក្សនិងរដ្ឋវៀតណាំ តែងតែផ្តោតការយកចិត្តទុកដាក់ ថែទាំនិងឧបត្ថម្ភដើម្បីបងប្អូនជនរួមជាតិ ស្ថិរភាពជីវភាពរស់នៅ សម្របខ្លួនទៅក្នុងប្រទេសសាមី រក្សាភាសានិងអត្តសញ្ញាណវប្បធម៌ វៀតណាម ព្រមទាំងលើកទឹកចិត្ត ក៏ដូចជាបង្កលក្ខណៈងាយស្រួល ដើម្បីជនរួមជាតិរួមចំណែកសកម្មសម្រាប់បុព្វហេតុកសាង និងការពារមាតិប្រទេស៕