ពង្រឹងនិងពង្រីកការតភ្ជាប់រវាងរដ្ឋសភាវៀតណាមនិងសកម្មភាពរបស់អង្គការសហប្រជាជាតិ

(VOVWORLD) - ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើឲ្យ អ.ស.ប. បន្តផ្តោតការយកចិត្តទុកដាក់ ជំរុញការបង្កើនការតភ្ជាប់រវាងរដ្ឋសភាវៀតណាម និងសកម្មភាពរបស់អង្គការសហប្រជាជាតិ រវាងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងសហភាពអន្តរសភា (IPU) ក៏ដូចជាយន្តការពហុភាគីពាក់ព័ន្ធផ្សេងទៀត។
ពង្រឹងនិងពង្រីកការតភ្ជាប់រវាងរដ្ឋសភាវៀតណាមនិងសកម្មភាពរបស់អង្គការសហប្រជាជាតិ - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres  (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ២២ តុលា នៅវិមានរដ្ឋសភា ថ្លែងមតិក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋ Nguyen Xuan Phuc ប្រធានរដ្ឋសភាលោក Vuong  Dinh Hue បានឲ្យដឹងថា៖ វៀតណាមកំពុងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួនតាមគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយចីរភាព អភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន ដោយមិនទុកនរណាម្នាក់ចោលនៅពីក្រោយឡើយ; សុក្រិតប្រព័ន្ធច្បាប់ប្រកបដោយភាពស៊ីសង្វាក់គ្នា ស្របតាមស្តង់ដារអន្តរជាតិ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ដែលវៀតណាមបានប្តេជ្ញាចិត្ត ដើម្បីធានាបាននូវក្របខ័ណ្ឌច្បាប់សកម្មសម្រាប់សមាហរណកម្មអន្តរជាតិប្រកបដោយភាពវិជ្ជមាន និងការទទួលខុសត្រូវ។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើឲ្យ អ.ស.ប. បន្តផ្តោតការយកចិត្តទុកដាក់ ជំរុញការបង្កើនការតភ្ជាប់រវាងរដ្ឋសភាវៀតណាម និងសកម្មភាពរបស់អង្គការសហប្រជាជាតិ រវាងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងសហភាពអន្តរសភា (IPU) ក៏ដូចជាយន្តការពហុភាគីពាក់ព័ន្ធផ្សេងទៀត។  លោកប្រធានរដ្ឋសភាសង្ឃឹមថា អង្គការសហប្រជាជាតិនឹងបន្តជួយឧបត្ថម្ភស្ថាប័នរដ្ឋសភាក្នុងការបង្កើនសមត្ថភាព និងជំនាញក្នុងគោលនយោបាយ និងក្របខ័ណ្ឌច្បាប់ ព្រមទាំងត្រួតពិនិត្យការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសនានា រួមទាំងការរួមបញ្ចូលប្រកបដោយប្រសិទ្ធភាពនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងការប្តេជ្ញាចិត្តអន្តរជាតិរបស់វៀតណាម។

ទាក់ទិននឹងបញ្ហាសមុទ្រ និងមហាសាគរ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ដូចជារដ្ឋធម្មនុញ្ញស្តីពីសមុទ្រ និងមហាសាគរមានលក្ខណៈបូរណភាព ភាពជាសកល។ វៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់សហ គមន៍អន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈមរួមដូចជា អំពើភេរវកម្ម ចោរសមុទ្រ ការបំពុលបរិស្ថានសមុទ្រ និងសកម្មភាពនៃការប្រើប្រាស់កម្លាំង ឬគម្រាមកំហែងក្នុងការប្រើប្រាស់កម្លាំង។

អគ្គលេខាធិការ អ.ស.ប បានឲ្យដឹងថា វៀតណាមគឺជាសមាជិកដ៏ស្វាហាប់និងសកម្មរបស់អង្គការសហប្រជាជាតិ។ ការរួមវិភាគទានរបស់វៀតណាមចំពោះអង្គការសហប្រជាជាតិបានរួមចំណែកក្នុងការលុបបំបាត់គម្លាតរវាងប្រទេសអ្នកមាន និងប្រទេសក្រីក្រ។ យ៉ាងណាមិញ វៀតណាមនិងប្រជាជនវៀតណាមអាចមានមោទនភាពចំពោះសំឡេងរបស់ខ្លួន ដែលត្រូវបានប្រទេសទាំងឡាយគោរព។ ជាពិសេស អង្គការសហប្រជាជាតិបានចាត់ទុកសំឡេងវៀតណាមជាសំឡេងនៃការអភិវឌ្ឍ។ ទាក់ទងសមុទ្រខាងកើត អគ្គលេខាធិការ អ.ស.ប បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាម; អះអាងថា អ.ស.ប ជានិច្ចកាលផ្តល់ការគាំទ្រល្អបំផុតដល់វៀតណាម ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ