ពិធីដង្ហែរភ្លើងគប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ – ស៊ីហ្គេម ៣២
Le Hung -  
(VOVWORLD) - នាព្រឹកថ្ងៃទី ២៤ ខែមីនា នៅទីក្រុងហាណូយ គណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ស៊ីហ្គេម ៣២) នៃប្រទេសម្ចាស់ផ្ទះកម្ពុជា និងតំណាងស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងហាណូយ បានសម្របសម្រួលជាមួយអគ្គនាយកដ្ឋានកីឡា គណៈកម្មាធិការអូឡាំពិកវៀតណាម និងអង្គភាពពាក់ព័ន្ធនានាបានរៀបចំពិធី ដង្ហែរភ្លើងគប់ស៊ីហ្គេម ៣២។
លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសដង្ហែព្រះអគ្គិជ័យកីឡា |
អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសដង្ហែព្រះអគ្គិជ័យកីឡាបានឲ្យដឹងថា នេះគឺជាគឺលើកទីមួយហើយ ដែលកម្ពុជាមានកិត្តិយសធ្វើជាប្រទេសម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម ៣២ ដែលជាព្រឹត្តិការណ៍កីឡាធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ដូច្នេះហើយ កម្ពុជាបានយកចិត្តទុកដាក់ពិសេសដល់ការរៀបចំព្រឹត្តិការណ៍ដង្ហែរភ្លើងគប់ ជាមួយគោលបំណងនាំភ្លើងគប់ស៊ីហ្គេមទៅកាន់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ សំដៅផ្សព្វផ្សាយដល់ ស៊ីហ្គេម ៣២ ផងដែរ។ “ពិធីដង្ហែភ្លើងគប់គឹជាសកម្មភាពប្រពៃណីដែលមានអត្ថន័យដ៏សំខាន់ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម ដែលត្រូវបានប្រទេសម្ចាស់ផ្ទះរៀបចំនៅតាមប្រទេសទាំង ១១ ដែលចូលរួមព្រឹត្តិការណ៍នេះ។ នេះមិនត្រឹមតែជាមោទនភាពរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងរួមចំណែករឹតចំណងមិត្តភាពរវាងកម្ពុជាជាមួយបណ្ដាប្រទេសក្នុងតំបន់ទៀតផង។ ភ្លើងគប់គឺជាជានិមិត្តរូបនៃសាមគ្គីភាពក្នុងបុព្វហេតុកសាងសន្តិភាព និងជោគជ័យសម្រាប់ប្រទេស ក៏ដូចជាសហគមន៍អាស៊ីអាគ្នេយ៍ផងដែរ”។
លោក Dang Ha Viet អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡា អនុប្រធានគណៈកម្មាធិការអូឡាំពិកវៀតណាម |
ចំណែកឯលោក Dang Ha Viet អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡា អនុប្រធានគណៈកម្មាធិការអូឡាំពិកវៀតណាមបានអះអាងថា៖ “ថ្ងៃនេះ វៀតណាមមានកិត្តិយសដែលបានក្លាយជាទីកន្លែងដង្ហែរភ្លើងគប់ដំបូងនៃ ស៊ីហ្គេម ៣២ បន្ទាប់ពីប្រទេសម្ចាស់ផ្ទះ។ ក្នុងឱកាសនេះ មិនត្រឹមតែកម្ពុជាប៉ុណ្ណោះទេ បណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ក៏បានរៀបចំសកម្មភាពជាច្រើន ដើម្បីជួយជ្រោមជ្រែង និងអបអរសាទរ ស៊ីហ្គេម ៣២ នាពេលខាងមុខទៀតផង។ ភ្លើងគប់ ស៊ីហ្គេម ៣២ ត្រូវបានកីឡាការិនី Nguyen Thi Huyen អត្តពលិក ដែលជាជើងឯក ស៊ីហ្គេម ច្រើនដង និងកីឡាករវៀតណាមចំនួន ២០០ នាក់ ដង្ហែរភ្លើងគប់នៅតំបន់បឹង Hoan Kiem ទីក្រុងហាណូយ។ ក្នុងឱកាសនេះ យើងខ្ញុំអះអាងថា វៀតណាមជានិច្ចកាលរួមដំណើរ គាំទ្រជាមួយនឹងការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពសម្រាប់ជោគជ័យនៃ ស៊ីហ្គេម ៣២ ដែលកម្ពុជាបានទទួលរៀបចំជាលើកដំបូងផងដែរ។
បន្ទាប់ពីបញ្ចប់ការធ្វើដំណើរនៅវៀតណាម ភ្លើងគប់ ស៊ីហ្គេម ៣២ នឹងបន្តទៅកាន់ហ្វីលីពីន និងបណ្តាប្រទេសក្នុងតំបន់។ នៅពេលវិលត្រឡប់មកប្រទេសកម្ពុជាវិញ ភ្លើងគប់ស៊ីហ្គេម ៣២ នឹងមានវត្តមានក្នុងសកម្មភាពមួយចំនួន រហូតដល់ថ្ងៃទី ៥ ឧសភា នៅពេលដែលកម្ពុជាបើកការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ជាផ្លូវការនៅពហុកីឡដ្ឋានជាតិមរតកតេជោនៅរាជធានីភ្នំពេញផងដែរ៕
Le Hung