ពិធីទទួលវិញ្ញាបនបត្រចុះឈ្មោះ “ការប្រតិបត្តិពិធី Then របស់ជនជាតិ Tay Nung Thai ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ”

(VOVWORLD) - ពិធីទទួលវិញ្ញាបនបត្រចុះឈ្មោះ "ការប្រតិបត្តិពិធី Then របស់ជនជាតិ Tay Nung Thai នៅវៀតណាម" ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ និងពិធីបើកពិធីបុណ្យ Thanh Tuyen ឆ្នាំ ២០២២ ក្រោមប្រធានបទ "ដើម្បីឲ្យចង្វាក់ Then រស់រានមានជីវិតជារៀងរហូត” បានប្រព្រឹត្តទៅនាយប់ថ្ងៃទី៣ ខែកញ្ញា នៅទីលាន Nguyen Tat Thanh ទីក្រុង Tuyen Quang ខេត្ត Tuyen Quang។

ពិធីទទួលវិញ្ញាបនបត្រចុះឈ្មោះ “ការប្រតិបត្តិពិធី Then របស់ជនជាតិ Tay Nung Thai ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ” - ảnh 1 ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅពិធីនេះ។ (រូបថត៖ TTXVN)

អញ្ជើញថ្លែងនៅពិធីនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការចុះឈ្មោះ “ការប្រតិបត្តិពិធី Then របស់ជនជាតិ Tay Nung Thai នៅវៀតណាម” គឺជាម៉ាកសញ្ញាជាតិដែលពិភពលោកផ្ដល់ឲ្យវៀតណាម តាមនោះ រួមចំណែកឧទ្ទេសនាមដល់មិត្តភក្តិអន្តរជាតិអំពីបេតិកភណ្ឌវប្បធម៌ដ៏វិសេសវិសាលប្រចាំតំបន់ភ្នំភាគខាងជើងវៀតណាម រួមចំណែកធ្វើឲ្យតំបន់នេះកាន់តែមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរ។ អាស្រ័យហេតុនេះ លោកប្រធានរដ្ឋ បានស្នើឲ្យមូលដ្ឋាននានាដែលមានបេតិកភណ្ឌ Then នោះ បន្តយកចិត្តទុកដាក់ដល់ការកសាងកម្មវិធីផ្សព្វផ្សាយ ឃោសនាឲ្យបានទូលំទូលាយ ប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធភាព ដើម្បីជំរុញភាពស្អិតរមួតក្នុងសង្គម មនសិការអំពីអត្តសញ្ញាណនិងការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋមូលដ្ឋានក្នុងការផ្សព្វផ្សាយ និងការប្រតិបត្តិពិធី Then នៅក្នុងសហគមន៍។ ទន្ទឹមនឹងនោះ ត្រូវយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលសម្រាប់សិប្បករ Then បង្រៀនការប្រតិបត្តិពិធី Then នៅក្នុងសហគមន៍ផងដែរ។

លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានលើកសរសើរខេត្ត Tuyen Quang ដោយបានរៀបចំពិធីបុណ្យ Thanh Tuyen ដែលជាពិធីបុណ្យដ៏វិសេសវិសាលមួយដែលត្រូវបានផ្តួចផ្តើម ថែរក្សា និងអភិវឌ្ឍន៍ដោយប្រជាជន Tuyen Quang អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ លោកប្រធានរដ្ឋបានស្នើឲ្យខេត្តបន្តស្រាវជ្រាវ និងអភិវឌ្ឍន៍ពិធីបុណ្យ Thanh Tuyen ឲ្យកាន់តែពិសេស ទាក់ទាញការចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ហើយក្លាយជាពាណិជ្ជសញ្ញាជាតិនិងអន្តរជាតិ៕

ការប្រតិបត្តិពិធី Then គឺជាពិធីកិច្ចដែលមិនអាចខ្វះបាននៅក្នុងជីវភាពខាងវិញ្ញាណរបស់ប្រជាជនជាជនជាតិ Tay Nung Thai នៅវៀតណាម។ ក្នុងនោះ ការប្រតិបត្តិ Then ភាគច្រើនមាននៅខេត្តចំនួន១១ រួមមាន Tuyen Quang, Bac Giang, Bac Kan, Cao Bang, Ha Giang, Lang Son, Quang Ninh, Thai Nguyen, Dien Bien, Lai Chau និង Lao Cai ។

នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៩ ក្នុងសម័យប្រជុំលើកទី ១៤ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ ២០០៣ ស្ដីពីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ដែលបានប្រារព្ធឡើងនៅទីក្រុង Bogotá រដ្ឋធានីនៃសាធារណរដ្ឋកូឡុំប៊ី "ការប្រតិបត្តិពិធី Then របស់ជនជាតិ Tay Nung Thai នៅវៀតណាម” ត្រូវបានអង្គការយូណេស្កូ ចុះឈ្មោះជាផ្លូវការក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ”។ 

ប្រតិកម្មទៅវិញ

ផ្សេងៗ