ពិធីបើក World Cupនារីឆ្នាំ ២០២៣៖ អត្តសញ្ញាណវប្បធម៌នៃប្រទេសសហម្ចាស់ផ្ទះទាំងពីរ
(VOVWORLD) - ពិធីបើកការប្រកួតបាល់ទាត់នារីពិភពលោកឆ្នាំ ២០២៣ (Women's World Cup ២០២៣) នឹងចាប់ផ្តើមនៅវេលាម៉ោង ៥៖០០នាទី ល្ងាចថ្ងៃនេះ (២០កក្កដា) ម៉ោងនៅប្រទេសនូវែលសេឡង់ នៅកីឡាដ្ឋាន Eden Park ។
ការសម្តែងនៅក្នុងពិធីបើកត្រូវបានហាត់សមយ៉ាងហ្មត់ចត់។ រូបថត៖ FIFA |
ពិធីបើកអូសបន្លាយរយៈពេលប្រហែល ១៥ នាទី ប៉ុន្តែនឹងមានការសម្តែងដ៏គួរឱ្យចាប់អារម្មណ៍។ យោងតាមសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បើទោះបីជាបានធ្វើឡើងក្នុងរយៈពេលដ៏ខ្លីក៏ដោយ ដោយមានការវិនិយោគយ៉ាងហ្មត់ចត់ ពិធីបើក World Cup នារីឆ្នាំ ២០២៣ បានបង្ហាញពីភាពចម្រុះនៃវប្បធម៌ ក៏ដូចជាបេតិកភណ្ឌរបស់នូវែលសេឡង់ និងអូស្ត្រាលី។
ចំណុចរំលេចនៃពិធីបើកគឺការសម្តែងរបស់តន្ត្រីករអូស្ត្រាលី Mallrat និងសិល្បករនូវែលសេឡង់ Benee ជាមួយនឹងបទចម្រៀង "Do It Again" ដែលជាបទចម្រៀងផ្លូវការ នៃការប្រកួតបាល់ទាត់នារីពិភពលោក ឆ្នាំ២០២៣។ លើសពីនេះទៅទៀត ក៏មានការសម្តែងចំនួន៣ ផ្សេងទៀតដែលសំដែងដោយជនជាតិដើម Maori នៃប្រទេសនូវែលសេឡង់, វង់ភ្លេងស៊ីមហ្វូនី Sydney របស់អូស្ត្រាលី និងក្រុមតន្រ្តីកុមារមកពីជុំវិញពិភពលោក។
ភ្លាមៗបន្ទាប់ពីពិធីបើកនោះ គឺជាការប្រកួតបើកឆាកនៃវគ្គផ្តាច់ព្រ័ត្រ World Cupនារីឆ្នាំ ២០២៣ រវាងក្រុមនូវែលសេឡង់និងក្រុមន័រវេសក្នុងក្របខណ្ឌនៃពូល A ៕