ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣
(VOVWORLD) - នាព្រឹកថ្ងៃទី៥ ខែកញ្ញា កិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមប្រធានបទ "សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន" បានបើកនៅមជ្ឈមណ្ឌលសន្និសីទហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្រោមអធិបតីភាពរបស់ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះលោក Joko Widodo។
ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣។ រូបថត៖ VOV |
សន្និសីទនេះបានទាក់ទាញការចូលរួមរបស់ថ្នាក់ដឹកនាំនៃបណ្តាប្រទេសសមាជិក រួមជាមួយប្រទេសទីម័រ ឡេស្តេ ក្នុងនាមជាអ្នកសង្កេតការណ៍ ប្រទេសដៃគូសន្ទនាចំនួន ៩ និងជាសមាជិកនៃសន្និសីទកំពូលអាស៊ីបូព៌ា (EAS - រួមមានកូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា ចិន អូស្ត្រាលី នូវែលហ្សេឡង់ កាណាដា រុស្ស៊ី អាមេរិក) ប្រទេសភ្ញៀវចំនួន ២ គឺបង់ក្លាដែស និងប្រជុំកោះ Cook រួមជាមួយអង្គការអន្តរជាតិចំនួន ៩ ។ គណៈប្រតិភូវៀតណាមដឹកនាំដោយនាយករដ្ឋមន្រ្តី លោក Pham Minh Chinh ចូលរួមព្រឹត្តិការណ៍នេះ។
ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-៧ ខែកញ្ញា ដោយមានកិច្ចប្រជុំកំពូលចំនួន១២ សន្និសីទបានផ្តោតការពិភាក្សាលើខ្លឹមសារស្នូលចំនួន៤ រួមមានការបង្កើតមូលដ្ឋានគ្រឹះសម្រាប់ចក្ខុវិស័យយូរអង្វែងរបស់អាស៊ាន ជួយឲ្យអាស៊ានកាន់តែរឹងមាំថែមទៀត ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃសម័យកាល នាំអាស៊ានក្លាយទៅជាមជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ចនិងប្រែក្លាយមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកទៅជាតំបន់សន្តិភាព និងវិបុលភាព។ ឯកសារសំខាន់បំផុតមួយដែលគ្រោងនឹងត្រូវបានថ្នាក់ដឹកនាំអាស៊ានពិចារណាអនុម័តនៅក្នុងសន្និសីទលើកនេះ គឺសេចក្តីថ្លែងការណ៍សម្របសម្រួលអាស៊ាន ៤ ។ នេះគឺជាគំនិតផ្តួចផ្តើមរបស់ប្រធានអាស៊ានឥណ្ឌូនេស៊ីឆ្នាំ ២០២៣ ហើយនឹងដើរតួនាទីជាគ្រឹះស្ថានសម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ ជួយពង្រឹងអាស៊ានដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗគ្នានាពេលអនាគត។
គណៈប្រតិភូវៀតណាមដឹកនាំដោយនាយករដ្ឋមន្រ្តី លោក Pham Minh Chinh ចូលរួមព្រឹត្តិការណ៍នេះ។ រូបថត៖ VOV |
កិច្ចប្រជុំនេះក៏នឹងពិភាក្សានិងឯកភាពលើខ្លឹមសារមួយចំនួនរួមមានបទប្បញ្ញត្តិស្តីពីការឧបត្ថម្ភដំណើរការចេញសេចក្តីសម្រេចនៅកិច្ចប្រជុំកំពូលអាស៊ាន ជាពិសេសក្នុងស្ថានភាពវិបត្តិនានា; ភាពចាំបាច់ក្នុងការពង្រឹងសកម្មភាពការទូតនៅទីក្រុងហ្សាកាតា ដែលជាទីស្នាក់ការកណ្តាលនៃលេខាធិការដ្ឋានអាស៊ាន (ASEC) ពង្រឹងតួនាទីរបស់អគ្គលេខាធិការអាស៊ាននិងបង្កើនថវិកាចូលរួមវិភាគទាន។
លើវិស័យសេដ្ឋកិច្ច សន្និសីទបានពិភាក្សាអំពីខ្លឹមសារជាច្រើនទាក់ទិនដល់សន្តិសុខស្បៀងអាហារ សន្តិសុខថាមពល សុខាភិបាល ស្ថិរភាពហិរញ្ញវត្ថុ ខ្សែសង្វាក់ផ្គត់ផ្គង់ ក៏ដូចជាជំរុញកម្លាំងចលករកំណើនថ្មីដូចជាការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចសមុទ្របៃតង។
ស្តីពីបញ្ហាអន្តរជាតិនិងតំបន់ ថ្នាក់ដឹកនាំនឹងពិភាក្សាអំពីស្ថានភាពអស្ថិរភាពស៊ីវិលដែលអូសបន្លាយនៅមីយ៉ាន់ម៉ា ឧបទ្វីបកូរ៉េ ជម្លោះនៅអ៊ុយក្រែន និងស្ថានភាពនៅសមុទ្រខាងកើត។ គេរំពឹងថា ឯកសារប្រមាណ ៥០ នឹងត្រូវបានថ្នាក់ដឹកនាំអាស៊ានទទួលស្គាល់ និងអនុម័ត ទាក់ទងនឹងបញ្ហា និងខ្លឹមសារជាច្រើននៅក្នុងសសរស្តម្ភនយោបាយ - សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ - សង្គម៕