ពិធីបើកការតាំងពិព័រណ៍ “គំរូឆ្នើមវៀតណាមទាំង ១៧រូប ដែលមានសកម្មភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព”
(VOVWORLD) - នាព្រឹកថ្ងៃទី ២០ ខែតុលា ពិធីបើកពិព័រណ៍ “គំរូឆ្នើមវៀតណាមទាំង១៧រូប ដែលមានសកម្មភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព” ត្រូវបានរៀបចំឡើងនៅសារមន្ទីរនារីវៀតណាម ក្នុងទីក្រុងហាណូយ។
ការតាំងពិព័រណ៍នេះត្រូវបានរៀបចំឡើងដោយក្រសួងការបរទេសវៀតណាមសហការជាមួយការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ដោយមានការសម្របសម្រួលរបស់សារមន្ទីរនារីវៀតណាម និងសមាគមប្រគល់សិទ្ធិដល់ស្ត្រីនៃប្រទេសស្វីស។
ពិធីបើកពិព័រណ៍ “គំរូឆ្នើមវៀតណាមទាំង១៧រូប ដែលមានសកម្មភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព” ត្រូវបានរៀបចំឡើងនៅសារមន្ទីរនារីវៀតណាម។ រូបថត៖ VOV |
ការតាំងពិព័រណ៍នេះស្ថិតក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើម "សកម្មភាពគំរូឆ្នើមទាំង ១៧រូប" ដែលត្រូវបានផ្តួចផ្តើមគំនិតដោយអគ្គនាយិការនៃការិយាល័យអង្គការសហប្រជាជាតិប្រចាំនៅទីក្រុងហ្សឺណែវ (UNOG) លោកស្រី Tatiana Valovaya ដើម្បីទទួលស្គាល់និងលើកទឹកចិត្តដល់ស្ត្រីនៅទូទាំងពិភពលោក បន្តចូលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
លោកស្រី Trinh Thi Hong នាយិការក្រុមហ៊ុន Minh Hong Biotech ដែលមានការផ្តួចផ្តើមគំនិតជាច្រើន ដើម្បីជួយស្ត្រីចាប់ផ្តើមអាជីវកម្មតាមរយៈគំរូផលិតកម្ម-ប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវនិងស្និទ្ធស្នាលជាមួយបរិស្ថានបានចែករំលែកថា៖ “នៅពេលដែលខ្ញុំចាប់ផ្តើមអាជីព ជាមួយនឹងការយកសំរាមមកធ្វើជាផលិតផល គ្មាននរណាម្នាក់ជឿជាក់និងគាំទ្រនោះទេ។ ខ្ញុំត្រូវខិតខំប្រឹងប្រែងដើម្បីជំនះពុះពាររាល់ការលំបាក់។ ខ្ញុំចង់ផ្ញើទៅបងប្អូននារីម្នាក់ៗថា យើងគ្មាននរណាម្នាក់អាក្រក់ទេ ប៉ុន្តែយើងត្រូវចេះលើកកម្ពស់ប្រៀបខ្លាំងរបស់ខ្លួន ដើម្បីទទួលបានជោគជ័យក្នុងគោលមាគ៌ាដែលយើងជ្រើសរើស”។
ដោយស្មារតីរបស់យុវជនម្នាក់ អនុសេនីឯក Vu Nhat Huong ធ្វើការនៅនាយកដ្ឋានរក្សាសន្តិភាពវៀតណាម ធ្លាប់មានពេលវេលាបំពេញភារកិច្ចនៅបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិប្រចាំនៅអាហ្វ្រិកកណ្ដាលបានចាត់ទុកថា៖ “ ខ្ញុំបានអនុវត្តអ្វីដែលខ្ញុំរៀនសូត្រនៅបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងអនុវត្តយ៉ាងច្រើនទៅលើការងារនៅវៀតណាម។ ខ្ញុំក៏បានផ្សព្វផ្សាយនូវកម្លាំងវ័យក្មេង និងភាពកក់ក្តៅសម្រាប់យុវជន ជាពិសេសមិត្តនារីឲ្យមានថាមពលបន្ថែមទៀត ដើម្បីមានទំនុកចិត្តនិងហ៊ានលះបង់កាន់តែច្រើន មិនត្រឹមតែសម្រាប់ស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់សហគមន៍ទៀតផង”។
រឿងរ៉ាវស្តីពីគំរូឆ្នើមវៀតណាមទាំង ១៧រូប ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងការតាំងពិព័រណ៍នេះ បានរួមចំណែកផ្សព្វផ្សាយសារដ៏ជាក់លាក់ ស្តីពីកិច្ចខិតខំប្រឹងប្រែងដើម្បីជំនះពុះពារលើការលំបាកនិងបញ្ហាប្រឈម អំពីការលះបង់របស់ស្ត្រីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកកម្ពស់ការយល់ដឹងរួមអំពីការអភិវឌ្ឍប្រកបដោយចីរភាព ការរួមចំណែករបស់ស្ត្រីនិងសមិទ្ធិផលរបស់វៀតណាមទាក់ទងនឹងសមភាពយេនឌ័រនិងការអភិវឌ្ឍប្រកបដោយចីរភាព៕