ពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (SEA Games ៣១)

(VOVWORLD) - នៅវេលាម៉ោង ២០:០០ យប់ថ្ងៃទី ១២ ឧសភា ពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ (SEA Games ៣១) ដែលជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតរបស់តំបន់ក្នុងឆ្នាំ ២០២២ បានបារព្ធជាផ្លូវការ។ ពិធីនេះបានប្រព្រឹត្តទៅយ៉ាងអធិកអធម នៅពហុកីឡាដ្ឋានជាតិ My Dinh (ហាណូយ)។

ពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (SEA Games ៣១) - ảnh 1ទិដ្ឋភាពនៃពិធីបើក (រូបថត៖ VOV)

អញ្ជើញចូលរួមក្នុងពិធីនេះ ភាគីវៀតណាមមានប្រធានរដ្ឋលោក Nguyen Xuan Phuc; ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងថ្នាក់ដឹកនាំបក្ស រដ្ឋ ថ្នាក់ដឹកនាំស្ថាប័នមជ្ឈិម រដ្ឋធានីហាណូយ និងថ្នាក់ដឹកនាំខេត្ត ក្រុងនានា។

ខាងភាគីភ្ញៀវអន្តរជាតិ ក៏មានវត្តមានរបស់ប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan-Jin, រដ្ឋមន្ត្រី, ថ្នាក់ដឹកនាំគណៈប្រតិភូកីឡាមកពីប្រទេសចំនួន ១១ ដែលចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ប្រធានតំណាងអង្គការអន្តរជាតិ និងឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសផងដែរ។

ចូលរួមក្នុងពិធីនេះ មានកីឡាករ-កីឡាការិនី និងគ្រូបង្វឹកយ៉ាងច្រើនកុះករ មកពីគណៈប្រតិភូចំនួន ១១ ក្រុម ដែលចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ លើ វិញ្ញាសាប្រកួតចំនួន ៤០មុខ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី២៣ ខែឧសភា។ ដោយឡែក គណៈប្រតិភូវៀតណាម មានសមាជិកជាង ១៣០០នាក់។

ក្នុងក្របខ័ណ្ឌនៃពិធីបើក ទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ត្រូវបានអត្តពលិកវៀតណាមដែលមានស្នាដៃខ្ពស់ អនុវត្តន៍ការដង្ហែទង់ជាតិស៊ីហ្គេម។ បន្ទាប់មក ពិធីដង្ហែភ្លើងគប់ត្រូវបានអតីតកីឡាករ កីឡាការិនីឆ្នើម ដែលមានសមិទ្ធផលខ្ពស់ជាច្រើនសម្រាប់កីឡាវៀតណាម ដុតបំភ្លឺអណ្តាតភ្លើងអាស៊ាន។

ពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (SEA Games ៣១) - ảnh 2ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានប្រកាសបើកព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី៣១ (រូបថត៖ VOV)

តំណាងខេត្តក្រុងរៀបចំព្រឹត្តិការណ៍នេះ ប្រធានគណៈកម្មាធិការប្រជាជនក្រុងហាណូយលោក Chu Ngoc Anh អញ្ជើញថ្លែងសុន្ទរកស្វាគមន៍៖  “ជំនះរាល់ការលំបាកបណ្តាលពីជំងឺរាតត្បាតកូវីដ ១៩ ថ្ងៃនេះ យើងប្រកៀកស្មារជាមួយគ្នា ដោយបង្ហាញពីសាមគ្គីភាព ការចែករំលែក ការលើកទឹកចិត្ត បង្ហាញពីភាពរឹងមាំខាងស្មារតីនៃប្រទេសអាស៊ីអាគ្នេយ៍ទាំង ១១ ដែលមានដំបូលរួម ជាមួយបំណងប្រាថ្នាចង់បានភាពរុងរឿង និងអព្ភូតហេតុថ្មី។ សូមជូនពរដល់កីឡាករ-កីឡាការិនី ដែលចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ប្រកបដោយស្មារតីកីឡា និងសម្រេចបាននូវសមិទ្ធផលដ៏ខ្ពង់ខ្ពស់បំផុត ទទួលបានបទពិសោធន៍គួរជាទីចាប់អារម្មណ៍ក្នុងការប្រកួត។ សូមជូនពរការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣១ ទទួលបានជោគជ័យ”។

នៅចុងបញ្ចប់នៃពិធីបើក បទចម្រៀងផ្លូវការនៃស៊ីហ្គេមលើកទី៣១ “រួមគ្នាបញ្ចេញរស្មី” បានលាន់រំពង។ បទចម្រៀងគឺនិយាយអំពីមនុស្សកើតមកមានបេសកកម្មឡើងដល់ទីខ្ពស់ភ្លឺចែងចាំង ក្នុងបរិយាកាសរីករាយនិងមិត្តភាពរបស់ប្រទេសម្ចាស់ផ្ទះវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ