ពិធីបើកមហាសន្និបាត AIPA លើកទី៤៤
(VOVWORLD) - ថ្ងៃទី ៧ សីហា មហាសន្និបាតអន្តរសភាលើកទី ៤៤ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA-៤៤) បានបើកជាផ្លូវការនៅទីក្រុងហ្សាកាតា (ឥណ្ឌូនេស៊ី) ដោយមានការចូលរួមពីគណៈប្រតិភូចំនួន ៥៦៨ នាក់ រួមទាំងប្រធានរដ្ឋសភានៃប្រទេសសមាជិកអាស៊ានចំនួន ៩ តំណាងប្រទេសអ្នកសង្កេតការណ៍ ១៧ប្រទេស និងភ្ញៀវកិត្តិយស និងអង្គការអន្តរជាតិចំនួន ៩។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញចូលរួមកិច្ចប្រជុំ។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថតរូបជាមួយប្រធានគណៈប្រតិភូដែលចូលរួម AIPA – ៤៤ (រូបថត៖ VOV) |
ថ្លែងនៅក្នុងពិធីបើក ប្រធានក្រុមប្រឹក្សាតំណាងប្រជាជនឥណ្ឌូនេស៊ី (DPR សភាជាន់ទាប) លោកស្រី Puan Maharani បានអះអាងថា AIPA-៤៤ គឺជាឱកាសសម្រាប់សភានៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្នុងការពង្រឹងការប្តេជ្ញាចិត្ត ក្នុងការឆ្លើយតបជាមួយនឹងបញ្ហាប្រឈមសកល និងក្នុងតំបន់។ ដោយសង្កត់ធ្ងន់ថា ស្ថិរភាពគឺជាលក្ខខ័ណ្ឌចម្បង សម្រាប់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍ ដែលរួមចំណែកដល់ស្ថិរភាព និងកំណើនសេដ្ឋកិច្ចពិភពលោក លោកស្រី Puan Maharani បានសន្យាថា AIPA នឹងបន្តជំរុញការប្តេជ្ញាចិត្តចាំបាច់នានា ដើម្បីរក្សា និងធានាឱ្យបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពនៃអាស៊ីអាគ្នេយ៍។
ប្រធានក្រុមប្រឹក្សាប្រជាជនឥណ្ឌូនេស៊ី (សភាជាន់ទាប) លោកស្រី Puan Maharani ប្រធាន AIPA-៤៤ (រូបថត៖ VOV) |
ប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ១១ ខែសីហា AIPA-៤៤ នឹងពិភាក្សាអំពីបញ្ហាសំខាន់ៗជាច្រើន រួមទាំងតម្រូវការកាត់បន្ថយភាពតានតឹងភូមិសាស្ត្រនយោបាយ ដោយសារការប្រកួតប្រជែងរវាងមហាអំណាចធំៗនៅអាស៊ីអាគ្នេយ៍; ស្ថានភាពមីយ៉ាន់ម៉ា; កិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសេដ្ឋកិច្ចបៃតង ថាមពលកកើតឡើងវិញនៅអាស៊ីអាគ្នេយ៍; ជំរុញការចូលរួមយ៉ាងខ្លាំងក្លារបស់យុវជនក្នុងវេទិកានយោបាយ រួមទាំងសភាផងដែរ។ AIPA-៤៤ ក៏ជាវេទិកាសម្រាប់សមាជិកសភាអាស៊ានចែករំលែក បទពិសោធន៍ និងទស្សនៈក្នុងគោលបំណងកសាងអនាគតដ៏ល្អប្រសើរសម្រាប់តំបន់អាស៊ីអាគ្នេយ៍៕