ពិធីបើកមហោស្រពការរចនាច្នៃប្រឌិតហាណូយឆ្នាំ ២០២២
(VOVWORLD) - មហោស្រពនេះគឺជាសកម្មភាពប្រចាំឆ្នាំ ដើម្បីអនុវត្តគំនិតផ្តួចផ្តើម និងការប្តេជ្ញាចិត្តជាមួយ UNESCO នៅពេលដែល ទីក្រុងហាណូយចូលរួមជាមួយបណ្តាញទីក្រុងច្នៃប្រឌិត។
នាយប់ថ្ងៃទី ១១ ខែវិច្ឆិកា នៅសួនផ្ការូបសំណាក Ly Thai To នៅតំបន់ដើរថ្មើរជើងនៃបឹង Hoan Kiem (ទីក្រុងហាណូយ) គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ សហការជាមួយសមាគមស្ថាបត្យករវៀតណាមបានប្រារព្ធពិធីបើកមហោស្រពការរចនាច្នៃប្រឌិតនៅទីក្រុងហាណូយ ឆ្នាំ ២០២២ ក្រោមប្រធានបទ "ការច្នៃប្រឌិត និងបច្ចេកវិទ្យា"។ មហោស្រពនេះគឺជាសកម្មភាពប្រចាំឆ្នាំ ដើម្បីអនុវត្តគំនិតផ្តួចផ្តើម និងការប្តេជ្ញាចិត្តជាមួយ UNESCO នៅពេលដែល ទីក្រុងហាណូយចូលរួមជាមួយបណ្តាញទីក្រុងច្នៃប្រឌិត។ មហោស្រពឆ្នាំនេះ ផ្តោតលើប្រធានបទនៃការរចនា និងបច្ចេកវិទ្យា ជាមួយនឹងទំហំព្រឹត្តិការណ៍ត្រូវបានបើកទូលាយ ក្នុងគោលបំណងបង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនហាណូយ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលរួមទស្សនា ទទួលយកបទពិសោធន៍ និងរីករាយជាមួយបរិយាកាសនៃមហោស្រព។
ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនេះ ព្រឹត្តិការណ៍និងសកម្មភាពជិត ៥០ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា នៅឯកន្លែងវប្បធម៌ និងលំហសាធារណៈជាច្រើននៃរដ្ឋធានី។ លោក Do Dinh Hong ប្រធានមន្ទីរវប្បធម៌ និងកីឡាហាណូយ បានឲ្យដឹងថា៖ “ពិធីបុណ្យនេះគឺជាកន្លែងវប្បធម៌ដ៏គួរឱ្យចាប់អារម្មណ៍ជាមួយនឹងការរចនាចម្រុះ និងការច្នៃប្រឌិត រួមជាមួយនឹងបេតិកភណ្ឌវប្បធម៌អរូបី ដែលត្រូវបានសិប្បករ សិល្បករ និងអ្នកស្រឡាញ់វប្បធម៌សម្តែងឡើងគួរជាទីទាក់ទាញណាស់។ តាមរយៈព្រឹត្តិការណ៍នេះ ទីក្រុងហាណូយបានអំពាវនាវឱ្យសហជីពប្រជាជននៃរដ្ឋធានី និងទូទាំងប្រទេស រួមគ្នាកសាងរដ្ឋធានីហាណូយ ពីទីក្រុងសន្តិភាព ទៅជាទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ”។
អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ លោក Christian Manhart ប្រធានតំណាងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ប្រចាំនៅវៀតណាម បានអះអាងថា ចាប់តាំងពីចូលជាសមាជិកនៃបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការ UNESCO លើវិស័យរចនាក្នុង ឆ្នាំ ២០១៩ ទីក្រុងហាណូយបានបើកទូលាយចក្ខុវិស័យរបស់ខ្លួន ដើម្បីក្លាយជារដ្ឋធានីច្នៃប្រឌិត និងកសាងឧស្សាហកម្មវប្បធម៌ប្រកបដោយថាមពល តាមរយៈការផ្តួចផ្តើមគំនិតបរិយាប័ន្ន និងភាពជាដៃគូសាធារណៈ និងឯកជន។ លោក Christian Manhart បានសង្កត់ធ្ងន់ថា បុគ្គលដែលមានគំនិតច្នៃប្រឌិតរបស់វៀតណាមបង្ហាញជាថ្មីម្តងទៀតថា ស្មារតីច្នៃប្រឌិតរបស់ពួកគេអាចរួមចំណែកដល់ការកសាងទីក្រុង ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋម្នាក់ៗនៅទីនេះ៕