ពិធីបើកមហោស្រពកីឡាសិស្សអាស៊ីអាគ្នេយ៍លើកទី១៣
(VOVWORLD) - មហោស្រពកីឡាសិស្សអាស៊ីអាគ្នេយ៍លើកទី ១៣ បានបើកជាផ្លូវការកាលពី យប់មិញ (១មិថុនា) នៅកីឡាដ្ឋាន Tien Son ស្រុក Hai Chau ទីក្រុង Da Nang។
ទិដ្ឋភាពនៃពិធីបើកមហោស្រព (រូបថត៖ TTXVN) |
ពិធីបើកនេះមានការចូលរួមពីកីឡាករ-កីឡាការិនី គ្រូបង្វឹកជាង ១.៣០០ នាក់មកពីប្រទេសចំនួន ១០ ក្នុងតំបន់ និងទស្សនិកជនយ៉ាងច្រើនកុះករ។
ចំណុចលេចធ្លោនៃពិធីដើរក្បួនដង្ហែយ៉ាងឱឡារិករបស់ប្រតិភូកីឡាចំនួន ១០ មកពីប្រទេសអាស៊ីអាគ្នេយ៍ដូចជា៖ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងម្ចាស់ផ្ទះវៀតណាម។ ពិធីបង្ហូតទង់នៃក្រុមប្រឹក្សាកីឡាសិស្សអាស៊ីអាគ្នេយ៍ និងទង់មហោស្រពបានកត់សម្គាល់ការចាប់ផ្តើមជាផ្លូវការនៃមហោស្រព។ ជាពិសេស ពិធី ដុតភ្លើងគប់អនុវត្តន៍ដោយលោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha។ ភ្លើងតំណាងឲ្យភាពស្វាហាប់របស់យុវជនអាស៊ីអាគ្នេយ៍ ទន្ទឹមនឹងការលើកកម្ពស់ស្មារតីសាមគ្គីភាព និងមិត្តភាពក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់។
ក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានប្រកាសបើកមហោស្រពកីឡាសិស្សអាស៊ីអាគ្នេយ៍លើកទី ១៣ ឆ្នាំ ២០២៤ នៅទីក្រុង Da Nang ប្រទេសវៀតណាម។ លោកឧបនាយករដ្ឋមន្ត្រី បានជូនពរដល់កីឡាករ-កីឡាការិនី ឱ្យទទួលបានលទ្ធផលល្អ ប្រកបដោយភាពថ្លៃថ្នូរ ស្មោះត្រង់ សាមគ្គីភាព និងមិត្តភាព។
ជាមួយនឹងសារថា “តភ្ជាប់ បញ្ចេញពន្លឺចែងចាំង” មហោស្រពកីឡាសិស្សអាស៊ីអាគ្នេយ៍លើកទី១៣ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី៩ ខែមិថុនា ដោយមាន ៦ វិញ្ញាសាគឺ ហែលទឹក បាល់បោះ វាយសី និងអត្តពលកម្ម ប៉េណាក់ស៊ីឡាត និងវ៉ូវីណាម។ គណៈប្រតិភូវៀត ណាមមានសមាជិកចំនួន ១៩០ នាក់ ចូលរួមនៅក្នុងវិញ្ញាសា ៦/៦ នៃមហោស្រព។ រូបសត្វតំណាង (Mascot) គឺសត្វស្វាក្រិសជើងប្រផេះ (ឈ្មោះវិទ្យាសាស្រ្ត pygathrix nemaeus) ជាប្រភេទសត្វកម្រ ដែលត្រូវ អង្គការអភិរក្សធម្មជាតិពិភពលោក ក៏ដូចជាប្រទេសវៀតណាមចាត់ថ្នាក់ថា ជិតផុតពូជ ។ តាមរយៈរូបភាពសត្វតំណាងនេះ មហោស្រពបានបង្ហាញពីសារនៃការការពារបរិស្ថានដល់សិស្សានុសិស្ស និងសហគមន៍ទូទៅ៕