ពិធីបើកសន្និសីទរដ្ឋមន្ត្រីការពារជាតិអាស៊ានបើកទូលាយលើកទី៩
(VOVWORLD) - នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា សន្និសីទរដ្ឋមន្ត្រីការពារជាតិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បើកទូលាយ (ADMM+) លើកទី៩ បានបើកជាផ្លូវការនៅទីក្រុងសៀមរាប កម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញថ្លែងសុន្ទរកថានៅមុនពិធីបើក។ (រូបថត៖ Van Do/VOV-Phnom Penh) |
ចូលរួមសន្និសីទនេះ មានវត្តមានរដ្ឋមន្ត្រីការពារជាតិ ថ្នាក់ដឹកនាំក្រសួងការពារជាតិនៃបណ្តាប្រទេសអាស៊ាន រួមជាមួយរដ្ឋមន្ត្រីការពារជាតិ តំណាងរដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសដៃគូ រួមមាន៖ អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង នូវែលហ្សេឡង់ សហព័ន្ធរុស្ស៊ី និងអាមេរិក។ គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម ដឹកនាំដោយ នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្រ្តីក្រសួងការពារប្រទេសបានអញ្ជើញចូលរួមសន្និសីទនេះ។
អញ្ជើញថ្លែងសុន្ទរកថានៅមុនពិធីបើក ADMM+ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់ថា ត្រូវមានយ៉ាងហោចណាស់កត្តាចំនួន៥ ដើម្បីសម្រេចបាននូវ “សន្តិសុខសុខដុមរមនា” នៅក្នុងតំបន់។ នោះគឺ ជំរុញមជ្ឈភាពរបស់អាស៊ាន; ជំរុញរចនាសម្ព័ន្ធសន្តិសុខតំបន់ដោយបើកទូលាយ បរិយាប័ន្ន និងផ្អែកលើច្បាប់; បង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ ការពារជាតិ ដែលយកប្រជាជនជាមជ្ឈភាព និងផ្អែកលើការជឿទុកចិត្ត; ជំរុញសន្តិសុខលើគ្រប់ជ្រុងជ្រោយ; ជំរុញសន្តិសុខសហប្រតិបត្តិការ។
បន្ទាប់ពីសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន សន្និសីទ ADMM+ លើកទី ៩ បានបើកដោយសុន្ទរកថារបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងជាប្រធាន ADMM+។ រដ្ឋមន្ត្រីការពារជាតិកម្ពុជាបានគូសបញ្ជាក់ពីតួនាទីនៃយន្តការសហប្រតិបត្តិការពហុភាគី រួមជាមួយការគោរពច្បាប់អន្តរជាតិ ភាពអត់ធ្មត់ ការស្វែងរកដំណោះស្រាយដោយសន្តិវិធី គឺជាជម្រើសដ៏ត្រឹមត្រូវបំផុតក្នុងការដោះស្រាយរាល់ហានិភ័យ។ ក្នុងនាមជាប្រធាន ADMM, ADMM+ និងសន្និសីទពាក់ព័ន្ធក្នុងឆ្នាំនេះ ក្រសួងការពារជាតិកម្ពុជាបានប្តេជ្ញាយ៉ាងមុតមាំ ចំពោះគោលការណ៍នៃកិច្ចសហប្រតិបត្តិការសន្តិភាព សមភាព មជ្ឈភាពរបស់អាស៊ាន និងកិច្ចខិតខំប្រឹងប្រែងសមូហភាព រួមចំណែកក្នុងការដោះស្រាយរាល់បញ្ហាប្រឈមនៅក្នុងតំបន់ ដើម្បីធានាសន្តិភាព ភាពសុខដុមរមនា និងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ សំដៅជំរុញសន្តិសុខប្រកបដោយសុខដុមរមនា និងវិបុលភាពនៅក្នុងតំបន់៕