ពិធីបើកសម្ពោធទីស្ការៈបូជាយុទ្ធជនពលីនៅសមរភូមិ Dien Bien Phu
(VOVWORLD) - ថ្លែងក្នុងពិធីនោះ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា សំណង់ទីសក្ការៈបូជាយុទ្ធជនពលីនេះគឺជាកន្លែងសម្រាប់ធ្វើពិធីគោរព និងឧទ្ទិសដល់វិញ្ញាណក្ខន្ធជនដែលពលីកម្មដើម្បីជាតិមាតុភូមិ។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងគណៈប្រតិភូបានចូលរួមពិធីកាត់ខ្សែបូរសម្ពោធទីសក្ការបូជាយុទ្ធជនពលីនៅសមរភូមិ Dien Bien Phu (រូបថត៖ VOV) |
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៨ នៃទិវាជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២២) នាព្រឹកថ្ងៃទី ១៨ ឧសភា នៅទីក្រុង Dien Bien Phu ខេត្ត Dien Bien ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីសម្ពោធទីស្ការៈបូជាយុទ្ធជនពលីនៅសមរភូមិ Dien Bien Phu។ សំណង់នេះមានទីតាំងស្ថិតនៅលើទូល F ខ័ណ្ឌ Muong Thanh គឺជាបេតិកភណ្ឌមួយក្នុងចំណោមបេតិកភណ្ឌចំនួន ៤៥ កន្លែង នៃបេតិកភណ្ឌថ្នាក់ជាតិពិសេសសមរភូមិ Dien Bien Phu។
ថ្លែងក្នុងពិធីនោះ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា សំណង់ទីសក្ការៈបូជាយុទ្ធជនពលីនេះគឺជាកន្លែងសម្រាប់ធ្វើពិធីគោរពនិងឧទ្ទិសដល់វិញ្ញាណក្ខន្ធជនដែលពលីកម្មដើម្បីជាតិមាតុភូមិ៖
“ទីស្ការៈបូជានៅសមរភូមិ Dien Bien Phu គឺជាស្នាដៃពោរពេញដោយអត្ថន័យជ្រាលជ្រៅខាងនយោបាយ សង្គម និងមនុស្សធម៌ ដែលបង្ហាញពីក្តីស្រលាញ់ និងការដឹងគុណរបស់បក្ស រដ្ឋ និងប្រជាជនទូទាំងប្រទេសចំពោះយុទ្ធជនពលី នៅ Dien Bien Phu; បំពេញសេចក្តីត្រូវការ និងសេចក្តីប្រាថ្នារបស់ប្រជាជនក្នុងប្រទេស អតីតយុទ្ធជន ប្រជាជនដែលមានគុណូបការៈចំពោះបដិវត្តន៍ និងញាតិមិត្តយុទ្ធជនពលីនៅពេលមកដល់ទីក្រុង Dien Bien។ រួមជាមួយវិមានជ័យជំនះ Dien Bien Phu ទីសក្ការៈបូជាយុទ្ធជនពលីនៅសមរភូមិ Dien Bien Phu មិនត្រឹមតែជាកន្លែងអប់រំប្រពៃណីប៉ុណ្ណោះទេ ថែមទាំងជាកន្លែងរំលេចវប្បធម៌ តភ្ជាប់ជាមួយបណ្តាញបេតិកភណ្ឌប្រវត្តិសាស្ត្រ - វប្បធម៌តំបន់បម្រើភ្ញៀវទេសចរណ៍ ដែលរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ Dien Bien ឱ្យកាន់តែរីកចម្រើន កំណត់ទីតាំងរបស់ខ្លួនជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសង្គមនៃតំបន់ភាគពាយ័ព្យ”។ នេះបើយោងតាមប្រសាសន៍របស់ប្រធានរដ្ឋ លោក Nguyen Xuan Phuc។
ក៏នាព្រឹកថ្ងៃទី១៨ ឧសភា ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបំផុសដាំដើមឈើ ឆ្លើយតបនឹងគម្រោងដាំដើមឈើ១ពាន់លានដើមរបស់ខេត្ត Dien Bien៕